ភរិយារដ្ឋមន្ត្រីការពារជាតិ ៖ យើងអត់ចង់ឃើញសង្គ្រាមទេ ព្រោះសង្រ្គាមធ្វើឱ្យយើងទទួលរងទុក្ខលំបាក ឃ្លាតឆ្ងាយគ្រួសារ
(សៀមរាប)៖ នៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងមានអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា ថៃ ជាង ១,២០០គ្រួសារ ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិនខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងអត់ចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាមធ្វើឲ្យយើងទទួលរងទុក្ខលំបាកវេទនា បែកបាក់គ្រួសារ ឃ្លាតឆ្ងាយ និងបាត់បង់ប្តីជាទីស្រលាញ់ទៀតផង ហើយ ពាក្យថា សង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ មិនថាប្រទេសតូចឬធំ មានឬក្រនោះទេ ។
លោកជំទាវ ទាង អេង បានបន្តថា លោកជំទាវមិនអាចពិពណ៌នាទាំងអស់បានទេ បើបងបងប្អូនមានអារម្មណ៍យ៉ាងម៉េចលោកជំទាវក៍មានអារម្មណ៍ដូចគ្នាព្រោះស្វាមីរបស់លោកជំទាវក៍ជាទាហ៊ានដែលបានព្យាយាមការពារជាតិជាមួយថ្នាក់ដឹកនាំដើម្បីស្វែងរកសុខសន្តិភាពជូនបងប្អូនទាំអស់គ្នាផងដែរ ។
លោកជំទាវ ទាង អេង ទៀសីហា ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះ ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូមកុំឱ្យមានសង្រ្គាម ទើបនាំគ្នាបួងសួងសុំសន្តិភាព បើមានសន្តិភាព ទើបមានការអភិវឌ្ឍគ្រប់វិស័យទាំងអស់ឱ្យរីកចម្រើន ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានមានថេរដីកាថា សង្គ្រាមឈ្លានពានទឹកដីរបស់ថៃ គឺបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរស្លូតត្រង់ ហើយបាននាំឲ្យកើតមានការបែកបាក់ក្រុមគ្រួសារ និងអាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជន ក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាបន្តថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ហើយវិស័យ គឺត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ ។
សម្ដេចព្រះព្រហ្មរតនមុនី ក៏បានមានថេរដីកាសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា ។
សូមឱ្យប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងសូមអោយកងទ័ពជួរមុខទាំងអស់ មានសុវត្ថិភាព និងបានជួបជុំគ្រួសារ ប្រជាពលរដ្ឋបានសុខសប្បាយត្រលប់ទៅភូមិឋានរបស់ខ្លួន និងសូមឱ្យបដិសន្ធិវិញ្ញាណរបស់ វីរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ទទួលបានសេចក្តីសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ វណ្ណលុក













