រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា ការគោរពពិន័យ ធ្វើឲ្យកីឡាករ កីឡាការិនីទទួលបានជោគជ័យ
ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការគោរពពិន័យ ធ្វើឲ្យកីឡាករ កីឡាការិនីទទួលបានជោគជ័យ ការថ្លែបែបនេះធ្វើឡើង ក្នុងពិធីបើកយុទ្ធនាការហាត់ ហ្វឺកហ្វឺនក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាល ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំកាយ ។
តាមរបាយការណ៍ លោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា យុទ្ធនាការប្រមូលផ្តុំ ឆ្នាំ២០១៩នេះ មានកីឡាករ កីឡាការិនី ជម្រើសជាតិ និងក្រុមថ្នាល និងកីឡាជនពិការ មកពី៣៤ សហព័ន្ធកីឡាជាតិសរុប ១.០០៤នាក់ ដែលមានរយៈពេល៧ខែ ដើម្បីហ្វឹកហាត់ ត្រៀម “ SEA GAMES ” លើកទី៣០ នៅប្រទេស ហ្វីលីពីន ។ លោក បន្តទៀតថា ការប្រមូលផ្ដុំនេះក្រសួងអប់រំយុវជន និងកីឡា បានផ្ដល់សិទ្ធដល់សហព័ន្ធកីឡាជាតិ ឲ្យបង្កើតគណៈកម្មការបច្ចេកទេស ក្នុងការជ្រើសរើសគ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលមានលក្ខណៈសម្បត្តិសមស្រប តាមចំនួនដែលក្រសួងកំណត់ បញ្ជូនមកស្នើសុំធ្វើការ ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០១៩ ។
ក្នុងនោះក្រុមថ្នាល មាន១៧ប្រភេទកីឡា ទៅហ្វឹកហាត់ និងស្នាក់ ក្នុងពហុកីឡដ្ឋានមរតកតេជោ ។ ១០ប្រភេទទៀតហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ និង៥ប្រភេទកីឡា ហ្វឹកហាត់ នៅខាងក្រៅ ដូចជាបាល់ទាត់អាយុក្រោម១៥ និងក្រោម១៨ឆ្នាំ ហាត់នៅសាលាបាល់ទាត់បាទី កីឡាទូកប្រពៃណី ហាត់នៅតាខ្មៅ ទូកក្ដោងហាត់ នៅឆ្នេរសមុទ្ររាម កីឡាបាល់ទះ លើក្ដារហាត់ នៅក្លិបវិសាខា និងជិះសេះ ហាត់នៅ CCC (Cambodian Country Club ) ។
រីឯក្រុមជម្រើសជាតិ ហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ ចំពោះរបបហូបចុក សម្រាប់ម្នាក់ៗ ក្នុងមួយថ្ងៃទទួលបាន ៤៤.០០០រៀល ចំណែកឯការហ្វឹកហាត់ចែកចេញ ជា៣តំណាក់កាល ដែលក្រុមជម្រើសជាតិ ត្រូវហាត់ក្នុងមួយថ្ងៃ៧ម៉ោង និងក្រុមថ្នាលយ៉ាងហោច ណាស់មួយថ្ងៃ៥ម៉ោង ដោយមានអនុរក្សតាមដានត្រួតពិនិត្យ ការហ្វឹកហាត់ ការស្នាក់នៅរបស់កីឡាករ ក្រុមប្រឹក្សាវិន័យរបស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាត្រូវដាក់វិន័យ ចំពោះគ្រូបង្វឹកកីឡាករ-កីឡាការិនី ដែលប្រព្រឹត្តិផ្ទុយពីបទបញ្ជាផ្ទៃក្នុង ហើយការគ្រប់គ្រងកីឡាករ-កីឡាការិនី ត្រូវធ្វើតាមប្រព័ន្ធពត៌មានវិទ្យា ។
ក្នុងយុទ្ធនាការប្រមូលផ្តុំនេះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើរឲ្យកីឡាករ កីឡាការិនីទាំងអស់ប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា គោរពពិន័យ បទបញ្ជាផ្ទៃក្នុង ដើម្បីក្លាយជាអត្តពលិកដ៏មានសក្តានុពលតំណាងឲ្យកម្ពុជា ត្រៀមដណ្តើមមេដាយឲ្យបាន ពីព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ ជាពិសេស ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ៕ធ.ដ