ទូតកាណាដា ៖ កម្ពុជា-ថៃត្រូវតែបន្តកិច្ចសន្ទនាដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងរក្សាបទឈប់បាញ់ឱ្យបានឋិតថេរ
(សៀមរាប)៖ កម្ពុជា និង ថៃត្រូវតែបន្តកិច្ចសន្ទនា ដោយសំដៅធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរចាប់ផ្តើមស្វែងរកសន្តិភាពយូរអង្វែង ហើយក៏ដូចជាដើម្បីរក្សាបទឈប់បាញ់ឱ្យបានឋិតថេរ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជា។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅជំរុំជនភៀសសឹក ដែលកំពុងស្នាក់នៅ ក្នុងវត្តបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក David Verbiwski បានឱ្យដឹងថា៖កម្ពុជា និងប្រទេសថៃចាំបាច់ណាស់នាពេលនេះត្រូវតែរកវិធីដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ដែលទាំងនេះគឺដើម្បីបញ្ចៀសជម្លោះវិវាទទាំងពេលបច្ចុប្បន្ន និងព្រមទាំងទៅថ្ងៃអនាគតផងដែរ។
ដោយឡែកទាក់ទិនទៅនឹងជនភៀសសឹកវិញត្រូវបាន លោក David Verbiwski លើកឡើងថា “ពេលមកដល់ទីនេះអ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ នៅតំបន់ព្រំដែនក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា ជាច្រើនបានភៀសខ្លួនដើម្បីរកទីសុវត្តិភាព ។ចំនួនប្រជាជនដែលត្រូបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេមានចំនួនច្រើន។
លោកបានបញ្ជាក់ដែរថា បំណងប្រាថ្នាធំបំផុតរបស់យើងគឺចង់ឃើញប្រជាជន និងកុមាររាប់ម៉ឺននាក់ដែលនៅឆ្ងាយពីផ្ទះរបស់ពួកគេបានត្រឡប់ទៅផ្ទះវិញឱ្យបានលឿនដើម្បីប្រកបការងារ និង ក៏ដូចជារៀនសូត្រ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរដ្ឋទូត រាជទូត និងតំណាងស្ថានទូត ចំនួន ២២ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន ៤ ដើម្បីចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យនិងខេត្តសៀមរាប ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំងសួរសុខទុក្ខបងប្អូនជនភៀសសឹកនៅក្នុងខេត្តផងដែរ ។
ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខក្នុងខេត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា







