កម្ពុជា បដិសេធការចោទប្រកាន់របស់ថៃថា កម្ពុជា បង្ហោះដ្រូនចូលទឹកដីថៃ និងស្នេីឱ្យថៃ ឈប់បង្ហោះដ្រូនចូលដែនអាកាសកម្ពុជាទៀត
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា បដិសេធរាល់ការចោទប្រកាន់របស់ថៃថា កម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ និងស្នេីឱ្យឈប់បង្ហោះដ្រូនចូលដែនអាកាសកម្ពុជាទៀត ។
ប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកជំទាវ បានគូសបញ្ជាក់ពាក់ព័ន្ធទៅនឹងការបង្ហោះផ្សព្វផ្សាយដោយសារព័ត៌មានថៃថាកម្ពុជា សូមច្រានចោលការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយថ្មីៗនេះ ថៃបានផ្សាយព័ត៌មានមួយចំនួនបានយករូបភាពវីដេអូក្លែងក្លាយ មកធ្វើអត្ថាធិប្បាយ និងបកស្រាយជាខ្លឹមសារបំភ្លៃមិនពិតលាបពណ៌ថា ដ្រូន របស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ។
អ្នកនាំពាក្យរូបនេះ បានចាត់ទុកទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមរក្សាស្ថានភាពឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ករឲ្យមានការកើនឡើងនូវកំដៅដោយមិនចាំបាច់ ។
លោកជំទាវឧត្តមសេនីយ៍ បានគូបញ្ជាក់ថា កម្ពុជា ទទូចឱ្យពួកគេបញ្ឈប់ជាបន្ទាន់នៅទង្វើទាំងអស់នោះ ។
ជាមួយគ្នានេះ កម្ពុជា ក៏អំពាវនាវឲ្យភាគីថៃជៀសវាងការបង្ហោះទៅដ្រូនរបស់ខ្លួន ចូលក្នុងដែនចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្រប ចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត