គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យនេះ ភាគីថៃ មិនទាន់បញ្ជូនកងកម្លាំង ១៨រូប មកកម្ពុជាវិញទេ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ ភាគីថៃ មិនទាន់បញ្ជូនកងកម្លាំងយើងចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នោះ មកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងយើងចំនួន ០២រូប ដែលមានរបួសដែលយើងទទួលបានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ដូច្នេះកម្ពុជា នៅតែបន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
អ្នកនាំពាក្យរូបនេះបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការចរចាយ៉ាងយកចិត្តទុកដាក់ ។ ស្របជាមួយគ្នានេះ កម្ពុជា ក៏បានស្នើម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងរបស់យើងមកកម្ពុជាវិញ ។
លោកជំទាវ ឧត្តមសេនីយ៍ បញ្ជាក់ថា ក្រសួងការពារជាតិ និងកងយុទ្ធពលខេមរភូមិន្ទសូមគោបញ្ជាក់យ៉ាងមុតមាំថា យើងនឹងបន្ទុកសមាជិករបស់យើងណាម្នាក់ចោល ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
ប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត