ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ថ្មី ឯកឧត្តម ស សុខា ប្តេជ្ញា៥ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែមានសក្តានុពល និងផុសផុលបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ថ្មី ឯកឧត្តម ស សុខា ប្តេជ្ញា៥ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែមានសក្តានុពល និងផុសផុលបន្ថែមទៀត ការប្តេជ្ញាបែបនេះធ្វើឡើង ក្នុងសន្និបាតវិសាមញ្ញ សហព័ន្ធកីឡាប៊ូល និងប៉េតង់ សម្រាប់អាណ្ណតិទី៦ នាល្ងាចមិ្សលមិញ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា  ក្នុងពហុកីឡដ្ឋានជាតិ ។

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាថ្មី ឯកឧត្តម ស សុខា បានប្ដេជ្ញាចិត្ត ៥ចំនុចសំខាន់ៗ ១ បន្តពង្រឹង និងពង្រីកក្លិបឲ្យមានគ្រប់រាជធានី-ខេត្ត ២ បណ្ដុះបណ្ដាលមន្រ្តីជំនាញកីឡាប៉េតង់ ទាំងបរិមាណ និងគុណភាព ៣ បណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិ និងក្រុមថ្នាល ព្រមទាំងលើកទឹកចិត្តកីឡាករ កីឡាការិនីឆ្នើម និងដាក់ពិន័យរាល់កីឡាករ កីឡាការិនីដែលជះឥទ្ធិពលមិនដល់សហព័ន្ធ ៤ ខិតខំគៀងគររកដៃគូចូលរួមឧបត្ថម្ភសម្ភារៈ និងថវិកា ដើម្បីគាំទ្រក្លឹប និងសមាគមន៍ ៥ ពង្រឹង និងពង្រីកសមត្ថភាពការហ្វឹកហាត់ និងបង្តើតព្រឹត្តការណ៍ប្រកួតឲ្យបានច្រើនប្រកបដោយគុណភាព ឈានទៅរកជោគជ័យទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។

គួររំលឹកថា ចាប់ពីឆ្នាំ១៩៩៣ ដល់២០១៨ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដណ្តើមបានមេដាយសរុបពីឆាកអន្តរជាតិ ២៦៨ គ្រឿង ក្នុងនោះមាស៧២ ប្រាក់៩៨ និងសំរិទ្ធ១០៣គ្រឿង ។ សូមបញ្ជាក់ថា អង្គសន្និបាត សហព័ន្ធកីឡាប៊ូល និងប៉េតង់ អាណត្តិថ្មី បានសម្រេចបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស សុខា ជាប្រធានសហព័ន្ធ ឯកឧត្តម ប៊ូ ជុំសេរី ឯកឧត្តម អ៊ុក សិទ្ធិជាតិ ឯកឧត្តម ស៊ុម សុជាតិ លោកឧកញ្ញ៉ា លាង ឃុន និងលោកឧកញ្ញ៉ា សុខ ហុង ជាអនុប្រធាន ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ ឯកឧត្តម ព្រហ្ម ប៊ុណ្ណយី និងលោក សូម៉ៃ សុខគា អគ្គលេខាធិការរង លោក ណុប ដារ៉ា អគ្គហេរញ្ញឹក និងកញ្ញា នូ សុវត្ថិចាន់វល័ក្ខ អគ្គហិរញ្ញឹករង និងសមាជិកចាស់ ៤នាក់ រក្សាទុកដដែល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner