ការជ្រៀតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក បញ្ហាវេណេស៊ុយអេឡា និងស៊ីរី ជារបៀបវារៈកំពូលនៃដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ ទៅកាន់រុស្ស៊ី
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននឹងកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងគោលបំណងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីរបស់លោក គឺលោក សឺហ្គៃ ឡាវរូវ ។
បើតាមការរំពឹងទុកនោះ ប្រមុខការទូតសហរដ្ឋអាម៉េរិករូបនេះ គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយមេដឹកនំា និងក្រុមមន្រ្តីជាន់ខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាតានតឹងមួយចំនួនរវាងប្រទេសទំាងពីរ ដែលក្នុងនោះរួមមានការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក ជាពិសេសវិបត្តិនៅវេណេស៊ុយអេឡា និងស៊ីរី ។
នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ប៉ុមប៉េអូ នឹងជួបពិភាក្សាជាមួយលោក ពូទីន នៅឯរម្មណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុង Sochi ដែលនេះគឺជាការជជែកគ្នាក្នុងកម្រិតខ្ពស់មួយជាមួយមេដឹកនំាំកំពូលរុស្ស៊ី ចាប់តំាងពីមានជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាងពីរនៅក្នុងទីក្រុង ហេលស៊ីនគី ប្រទេសហ្វំាងឡង់ កាលពីខែកក្កដាកន្លងទៅនេះ ៕ធ.ដ