អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃគ្រោងនឹងបើកការវាយ​លុកតាម​បណ្តោយព្រំដែន ខណៈសម្ដេចតេជោថា មានលទ្ធភាពជាច្រើនថៃអាច​ប្រើកម្លាំងវេលាយប់នេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥​នេះបាន​ប្រកាសឱ្យដឹងថា កងទ័ពថៃ​គ្រោង​នឹងបើកការ​វាយ​លុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទ​ព្រះវិហារ​រហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់​ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែសីហា នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុង​ខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការ​វាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូត​ដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការ​កិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ភ្លាមៗនេះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហោះសារលើបណ្ដាញសង្គមដែល​មានខ្លឹមសារ​ថា”​យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើន​ដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ”។

សម្ដេចតេជោបន្តថា”ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះ​បានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោង​លើ២៤​ម៉ោងបន្តទៀត។ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាព​ឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១​នៃព្រឹទ្ធសភា។

ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាច​បើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner