នាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអូឌីតរងការវាយប្រហារ នៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម

អារ៉ាប៊ីសាអូឌីត៖ នាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត០២គ្រឿងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានទទួលរងការវាយប្រហារនៅក្នុងដែនសមុទ្រក្បែរទីក្រុង ហ៊្វូហ្សៃរ៉ាហ៍ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត លោក ខាលីដ អាល់ហ្វាលី នៅថ្ងៃច័ន្ទនេះ ។

ដោយឡែកក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម បានឲ្យដឹងដែរថា កប៉ាល់ពាណិជ្ជកម្មសរុបចំនួន០៤គ្រឿងត្រូវបានទទួលរងការវាយប្រហារ ស្ថិតនៅក្បែរដែនសមុទ្ររបស់ប្រទេសខ្លួន ប៉ុន្តែមិនមានមនុស្សរងគ្រោះនោះទេ ។ រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់មួយគ្រឿងក្នុងចំណោមនោះ បានស្ថិតនៅលើផ្លូវធ្វើដំណើរ ដើម្បីឆ្ពោះទៅស្តុកប្រេងនៅឯកំពង់ផែទីក្រុង រ៉ាស់ថានួរ៉ា របស់អារ៉ាប៊ីសាអូឌីត ដើម្បីដឹកយកទៅឲ្យអតិថិជនរបស់ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត សូឌីអារ៉ាមកូ នៅសហរដ្ឋអាម៉េរិក ។

ហើយរហូតមកទល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងចំនួនមនុស្សរងគ្រោះ ឬក៏ការកំពប់ប្រេង ក៏ដូចជាការបញ្ជាក់លម្អិតជុំវិញសកម្មភាពវាយប្រហារនោះឡើយ ខណៈកប៉ាល់ទាំង០២គ្រឿងនេះ បានរងការខូចខាតក៏មិនសូវជាធ្ងន់ធ្ងរប៉ុន្មានដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner