អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ឱ្យប្រជាពលរដ្ឋប្រយ័ត្នព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់នាំឱ្យបំពុលអារម្មណ៍ និងស្ថានការណ៍ច្របូកច្របល់
(ភ្នំពេញ)៖ នៅក្នុងស្ថានភាពបែបនេះ អ្វីដែលបងប្អូនប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្ននោះគឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់មកបំពុលសតិអារម្មណ៍ និង ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់។នេះគឺជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុង «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជ រដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថាដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ពិត ព័ត៌មាន ផ្លូវការ ត្រូវតាមដានព័ត៌មានអ្នកនាំពាក្យរាជរដ្ឋាភិបាល និងព័ត៌មានថ្នាក់ដឹកនាំរបស់កម្ពុជាដូចជាគេហទំព័រហ្វេសប៊ុក សម្តេច បវរធិបតី ហ៊ុន ម៉ាណែត គេហទំព័រហ្វេសប៊ុកសម្តេចតេជោហ៊ុនសែន គេហទំព័រក្រសួងការពារជាតិ គេហទំព័រក្រសួងក្រសួងព័ត៌មាន និងសាធារណៈមតិដែលសុទ្ធដឹសឹងជាប្រភពផ្លូវការ។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរគោរពយ៉ាង ម៉ឹងម៉ាត់ ឥតប្រែប្រួលចំពោះបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ជំហររក្សាសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិកម្ពុជា ដែលសមស្របនឹងអ្វីសហគមន៍អន្តរជាតិចង់បាន ហេតុនេះហើយ កម្ពុជាមិននៅតែឯកឯងនោះទេ សហគមន៍អន្តរជាតិឈរនៅជាមួយ ជាមួយកម្ពុជា ពិសេសប្រទេស៣សំខាន់ ហើយចូលរួម ដោយផ្ទាល់រហូតដល់មានបទឈប់បាញ់ គឺសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានធ្វើការអំពាវនាវ ឱ្យពលរដ្ឋនាំគ្នា ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងបន្តជ្រោងទង់ជាតិ កម្ពុជា ដោយស្រែកបន្លឺ សម្លេងចង់បានសន្តិភាព និងនាម ជាប្រជាជាតិដែលស្រឡាញ់សុខសន្តិភាព ។
សម្លេងរបស់ប្រជាពលរដ្ឋខ្មែរដែលនៅពាសពេញគ្រប់ទិសទីលើពិភពលោក កំពុងតែបានទៅដល់សហគមន៍អន្តរជាតិ ឱ្យបានដឹងច្បាស់ថា កម្ពុជាប្រជាជាតិមួយដែលចង់រួមរស់ នៅក្នុង សុខសន្តិភាព រស់នៅដោយគ្មានការបំពា ហើយពលរដ្ឋត្រូវតែជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវារៈកងទ័ព វារៈកងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនបងប្អូនយើង៕
ដោយ ៖ ម៉ាដេប៉ូ



