អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ម៉ោងជាង ៦ព្រឹកនេះសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ៖ គិតចាប់ពីម៉ោង ០០៖១នាទីអធ្រាត្ររហូតមកដល់ម៉ោង ៦៖១០នាទីព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃក្នុងនេះដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ជាដើម មានសភាពស្ងប់ស្ងាត់ធម្មតាពុំទាន់មានអ្វីប្រែប្រួលទេ ។

បញ្ជាក់ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាក្រោយសភាពការណ៍តាមព្រំដែនឡើងកម្តៅបន្តិចវិញដោយសារភាគីកងទ័ពថៃបង្ហាញពីសកម្មភាពជម្លៀសប្រជាពលរដ្ឋចេញពីព្រំដែននោះ នាពេលនេះសភាពស្ងប់ស្ងាត់ ខណៈដែលកងកម្លាំងរបស់កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតួនាទីរបស់ខ្លួន ។

អ្នកនាំពាក្យដដែលបានថ្លែងដែរថា ៖ ពេលនេះកម្ពុជា បាននិង កំពុងតែអនុវត្ត និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលតាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ ។លោកជំទាវបន្តថាយើងសម្រេចបាននូវលទ្ធផលជាជំហានៗយ៉ាងច្រើនចាប់ពីថ្ងៃចូលជាធរមាននៃបទឈប់បាញ់នេះ ។រហូតមកទល់នឹងពេលនេះបណ្តាអនុព័ន្ធយោធាអាស៊ាន(អន្តរកាល)កំពុងចុះសង្កេតការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទៅលើទីតាំងដែលធ្លាប់មានការវាយប្រយុទ្ធគ្នា ដើម្បីធ្វើការពិនិត្យទៅលើការអនុវត្តបទឈប់បាញ់។សម្រាប់ការចូលរួមរបស់បណ្តាប្រទេសជាដៃគូ គឺឆ្លុះបញ្ចាំងឱ្យឃើញពីគោលបំណងប្រាថ្នារួមនៅក្នុងការអនុវត្ត​បទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពី កម្ពុជា-ថៃ ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដែរថាគិតរហូតមកដល់ពេលនេះគឺភាគីថៃមិនទាន់បានបញ្ជូនមកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងរបស់យើង២រូបដែលស្ថិតក្នុងស្ថានភាពមានរបួសត្រូវបានបញ្ជូនមកកម្ពុជាវិញកាលពីថ្ងៃទី១ ខែសីហា ខណៈដែលកម្ពុជា បាន និងកំពុងបន្តជំរុញឱ្យខាងភាគីថៃប្រគល់កងកម្លាំងកម្ពុជាទាំង ១៨រូបនេះមកវិញឱ្យបានឆាប់រហ័សបំផុត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner