ប៉ាគីស្ថាន-អ៊ីរ៉ង់ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ
អ៊ីស្លាម៉ាបាត ៖ មេដឹកនាំប៉ាគីស្ថាន និងអ៊ីរ៉ង់ប្តេជ្ញាព្យាយាមបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ចាប់ពី ៣ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារដែលបានគ្រោងទុក។
ការប្តេជ្ញានេះកើតឡើងក្នុងកំលុងលោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បំពេញទស្សនកិច្ចទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។
ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងពីរបានយល់ព្រមជាផ្លូវការ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត។
លោកប្រធានាធិបតី Pezeshkian និយាយថា ប្រទេសទាំងពីរនឹងព្យាយាមបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នរវាងអ៊ីរ៉ង់-ប៉ាសគីស្ថាន ពី ៣ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារដែលបានគ្រោងទុក។
រីឯលោកនាយករដ្ឋមន្ត្រី Sharif បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទាំងដោយគ្មានហេតុផលច្បាស់លាស់ កាលពីថ្ងៃទី១៣ ខែមិថុនា។
ការវាយប្រហារនោះ បានបង្កឱ្យមានសង្គ្រាមរយៈពេល ១២ថ្ងៃរវាងប្រទេសទាំងពីរ ហើយបាននាំឱ្យទីក្រុងតេហេរ៉ង់ ដកខ្លួនផ្អាកធ្វើការជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

