សម្តេចធិបតី ៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ៖ “ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។
នេះបើយោងតាមសាររបស់សម្តេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។
សម្តេចធិបតីបានបន្តថា ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត”៕
ដោយ៖ពលជ័យ
