យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងចាប់ផ្តើមពីថ្ងៃនេះតទៅ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ ពិធីប្រកាសបើកយុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងមុខងារសាធារណៈ និងក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការធ្វើជំរឿននេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះ បម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍដលល់វិស័យមុខងារសាធារណៈ និងជាសមាសភាពដ៏សំខាន់មួយ ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ទិន្នន័យ នៃជំរឿន នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការវាយតម្លៃមូលធនមនុស្សនៅតាមក្រសួងស្ថាប័ន អង្គភាពនីមួយៗ។ ការរៀបចំរចនាសម័្ពន្ធរបស់ក្រសួងស្ថាប័ន និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយ ការខ្វះនិងលើសទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង ការកែលម្អប្រព័ន្ធបើកប្រាក់បៀរវត្ស ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងនិងអភិវឌ្ឍន៍មូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈជាដើម។

ឯឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងដែរថា ទិន្នន័យដែលទទួលបានពីការងារជំរឿននេះ ក៏នឹងប្រើប្រាស់សម្រាប់វិភាគ វាយតម្លៃពីភាពស៊ីសង្វាក់ នៃរចនាសម្ព័ន្ធផ្ទៃក្នុងជាមួយនឹងមុខងារស្នូល មុខងាររង មុខងារគគាំទ្រនៃក្រសួងស្ថាប័ននីមួយៗ ព្រមជាមួយនឹងទំហំធនធានមនុស្ស ដើម្បីឈានទៅពង្រឹងការអភិវឌ្ឍការងាររបស់ក្រសួងស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរថា យើងត្រូវធ្វើការកែទម្រង់តាមសេចក្ដីត្រូវការរបស់កម្ពុជា ក្នុងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និងរដ្ឋបាល របស់កម្ពុជា ក្នុងភាពជាម្ចាស់របស់កម្ពុជា និងជាពិសេសក្នុងការទទួលខុសត្រូវរបស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិរបស់យើង ដោយខ្លួនយើង ។

លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ បានលើកឡើងថា សម្រាប់មន្ត្រីគោលដៅរបស់ក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនរួមមាន៖ (១)មន្ត្រីក្នុងមុខតំណែងនយោបាយគ្រប់កម្រិត, (២)មន្ត្រីក្នុងមុខតំណែងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ, (៣)មន្ត្រីរាជការស៊ីវិល, (៤)មន្ត្រីស្ថិតក្រោមលក្ខន្តិកៈដោយឡែក, (៥)មន្ត្រីជាប់កិច្ចសន្យាគ្រប់គ្រងដោយប្រព័ន្ធរួម របស់ក្រសួងមុខខងារសាធារណៈ និង (៦) មន្ត្រីជាប់កិច្ចសន្យា មន្ត្រីជំនាញ និងមន្ត្រីផ្សេងទៀតដែលបាន និងកំពុងបំពេញការងារដោយទទួលបៀវត្ស ឬប្រាក់ឧបត្ថមពីថវិកាជាតិ ឬថវិកាពីក្រសួងស្ថាប័ន ឬថវិកាអង្គភាពតាមរយៈកិច្ចសន្យាការងារ ឬលិខិតបង្គាប់ការ ឬលិខិតផ្សេងទៀត សម្រាប់រយៈពេលបំពេញកការងារចាប់ពី១ឆ្នាំឡើងទៅ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner