រដ្ឋមន្ត្រីការងារអញ្ជើញសំណេះសំណាល ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ក្នុងខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៩៥៤គ្រួសារ និងប្រជាពលរដ្ឋមកពីប្រទេសថៃ ៤៦នាក់ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងដឹងគុណដល់ក្រុមគ្រួសារកងទ័ពទាំងអស់ ដែលបានលើកទឹកចិត្តនិងគាំទ្រទៅដល់ប្តី ដល់កូន និងចៅ ជាវីរកងទ័ព ក្នុងការបំពេញកាតព្វកិច្ចបានយ៉ាងល្អចំពោះកិច្ចការពារជាតិ ការពារទឹកដី និងប្រាសាទ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ បើសិនជាឃើញគ្រាប់ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមប្រុងប្រយ័ត្នកុំប៉ះពាល់ដើម្បីចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយចៃដន្យ និងជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញដើម្បីយកប្រមូលទុកដោះស្រាយ ៕
ដោយ ៖ ង៉ាន់ ទិត្យ



