ប៉ូឡូញចាយលុយ ៦,៥០០ លានដុល្លារទិញរថក្រោះ ១៨០ គ្រឿងពីកូរ៉េខាងត្បូង
វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានកំណត់គោលដៅប្រកបដោយមហិច្ឆតា នឹងបង្កើនចំនួនរថក្រោះក្នុងកងរថក្រោះចម្បាំងរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំ២០៣០ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញរថក្រោះចម្បាំង K2 របស់កូរ៉េខាងត្បូងបន្ថែមចំនួន ១៨០គ្រឿង ក្នុងតម្លៃ ៦.៥ពាន់លានដុល្លារ។

សារព័ត៌មាន Euronews បានចុះផ្សាយនាពេលថ្មីៗនេះថា បន្ថែមពីលើការទិញរថក្រោះចម្បាំងចំនួន ១៨០គ្រឿង កិច្ចព្រមព្រៀងថ្មីនេះក៏រួមមានទាំងការទិញឡានជំនួយចំនួន ៨១គ្រឿង ការបណ្តុះបណ្តាលផ្នែកភស្តុភារ ការផ្តល់សេវាកម្ម និងកម្មវិធីជួសជុលពេញលេញ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា។
ការដែលប៉ូឡូញទិញឧបករណ៍យោធាបន្ថែមទៀតនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពកងរថក្រោះ ចំពេលរុស្ស៊ីកំពុងបន្តសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន និងការកើនឡើងភាពតានតឹងព្រំដែនជាមួយបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី ដែលបានបន្តតាំងពីឆ្នាំ២០២១។
ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រសួងការពារជាតិប៉ូឡូញ លោក Władysław Kosiniak-Kamysz បានសរសេរសារបង្ហោះលើបណ្តាញសង្គម X ថា ប៉ូឡូញនឹងមានរថក្រោះចម្បាំងសរុបចំនួន ១.១០០គ្រឿង នៅពេលដែលកិច្ចព្រមព្រៀងដែលរួមមានការបញ្ជាទិញរថក្រោះចម្បាំងចំនួន ៦១គ្រឿង ដែលផលិតក្នុងស្រុកផ្ទាល់ត្រូវបានបញ្ចប់។
ប៉ូឡូញបានទិញរថក្រោះចម្បាំងពីកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០២២។ បច្ចុប្បន្នប៉ូឡូញបានជះលុយដល់ទៅ ៤.៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនទៅលើវិស័យការពារជាតិ ដែលនេះជាចំណែកខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិកណាតូដទៃទៀត។
អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងបារាំង រួមបញ្ចូលគ្នាមានរថក្រោះចម្បាំងសរុប ៩៥០គ្រឿង។ ហើយមានតែប្រទេសសមាជិកណាតូពីរប៉ុណ្ណោះ គឺក្រិក និងតួកគី ដែលមានរថក្រោះចម្បាំងច្រើនជាងប៉ូឡូញ បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងថ្មីនេះ។ តួកគីបច្ចុប្បន្នមានរថក្រោះចម្បាំងចំនួន ២.២៣៨គ្រឿង ក្រិកមានចំនួន ១.៣៤៤គ្រឿង ហើយប៉ូឡូញនឹងមានចំនួន ១.១០០គ្រឿង៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា
