សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្សនិងសាលារៀននៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖សប្បុរសជនចិននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥​បាននាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទានទៅចែក​ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងពិធីទទួលលោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានឱ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥ នេះសាលាមានសិស្សជាង ៣០០នាក់ ។លោកបានថ្លែងអំណរគុណដល់លោកអគ្គនាយក​រោងចក្រហ្សុងបាវ​កែច្នៃ​ផ្លែឈើ ដែលមិនត្រឹមតែជួយទិញផលិតផលកសិកម្មប៉ុណ្ណោះទេ តែនៅ​ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួមការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើកទឹកចិត្ត​ដល់សិស្សដែលបានទទួលចំណាត់ថ្នាក់ល្អ ដោយការផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឱ្យសាលារៀននេះមាន​សិស្ស​មករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន ។

លោក Chen Junhui អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោងចក្រកំពុងមានការរីក​ចម្រើនក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ។ពីមុនក្រុមហ៊ុនអាចជួយ​ទិញផ្លែ​ស្វាយពីប្រជាពលរដ្ឋត្រឹមតែមួយម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្នកើនដល់៩ម៉ឺនតោន ដែលអាចផ្ដល់ឱកាសការងារ​ដល់កម្មករជាងបីពាន់នាក់ ហើយក៏គ្រោងពង្រីកការទិញផ្លែស្វាយពីកសិករបន្ថែមទៀតផងដែរ ។

លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រនិងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ រោងចក្រក៏មិន​ភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាមរយៈការផ្ដល់សៀវភៅសិក្សាដល់សិស្ស​ដែល​កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និងមានសៀវភៅរឿងនិទានដាក់ក្នុងបណ្ណាល័យ សម្រាប់ទុកឱ្យ​សិស្សអាន និងសិក្សារៀនសូត្រ ។លោកក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែលបាន​ជួយ​សម្រប​សម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រឱ្យពួកគេបានរៀនសូត្រ ដូចកូនចៅរបស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឱ្យពួកគេមានចំណេះដឹង ៕
ដោយៈម៉ុន សំអាត

ដោយ ម៉ុន សំអាត

ads banner