អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងកម្លាំងកម្ពុជារក្សាជំហរយ៉ាងរឹងមាំ របស់រាជរដ្ឋាភិបាល អនុវត្តបទឈប់បាញ់ ខណៈព្រឹកនេះ នៅតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជា បន្ដឈរជើងយ៉ាងរឹងមាំ ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ ។

លោកជំទាវ ឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌ នៃបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធ ដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្មោះត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត ។

សូមរំលឹកថា តាមព័ត៌មានដែលទទួលបានកាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃ គ្រោងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះ នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ការរៀបចំផែនការវាយលុកនេះ ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី ។

កម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner