មន្ទីរបញ្ចកោណចាយជិត ៨ ពាន់លានដុល្លារទិញមីស៊ីលថ្មីរាប់ពាន់គ្រាប់
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានចុះកុងត្រាមានតម្លៃ ៧.៨ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin និងក្រុមហ៊ុន RTX Corporation កាលពីចុងខែកក្កដា ដើម្បីផលិតគ្រាប់មីស៊ីលថ្មីៗរាប់ពាន់គ្រាប់ បំពាក់ដល់កងទ័ពអាកាស និងកងទ័ពជើងទឹក ព្រមទាំងសម្ព័ន្ធមិត្តអន្តរជាតិមួយចំនួនផងដែរ។
សារព័ត៌មាន Defense News បានចេញផ្សាយនៅថ្ងៃទី៥ ខែសីហាថា តាមរយៈកុងត្រានេះ ក្នុងនោះថវិកា ៣.៥ពាន់លានដុល្លារ នឹងផ្តល់ដល់ក្រុមហ៊ុន RTX Corporation សម្រាប់ផលិតមីស៊ីល AMRAAM ចេញពីអាកាសទៅអាកាស ដែលនេះជាកិច្ចសន្យាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត នៃកម្មវិធីមីស៊ីល AMRAAM។ ហើយក៏រួមបញ្ចូលទាំងប្រព័ន្ធតេឡេម៉ែត្រ និងឧបករណ៍គាំទ្រផ្នែកវិស្វកម្មផងដែរ។
ចំណែកថវិកា ៤.៣ពាន់លានដុល្លារទៀត នឹងផ្តល់ដល់ក្រុមហ៊ុន Lockheed សម្រាប់ផលិតមីស៊ីល Joint Air-to-Surface Standoff Missile ហៅកាត់ JASSM និងមីស៊ីលប្រឆាំងនាវាចម្ងាយឆ្ងាយ Long-Range Anti-Ship Missile ហៅកាត់ LRASM។
អាវុធយុទ្ធភណ្ឌទាំងពីរប្រភេទនេះ នឹងត្រូវបំពាក់ដល់កងទ័ពអាកាស និងកងទ័ពជើងទឹកអាមេរិក ក៏ដូចជាបញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្តអន្តរជាតិ រួមទាំងប្រទេសប៉ូឡូញ ហូឡង់ និងហ្វាំងឡង់ ដែលជារដ្ឋសមាជិកណាតូ ព្រមទាំងប្រទេសជប៉ុនផងដែរ។
គួរកត់សម្គាល់ AMRAAM គឺជាមីស៊ីលដែលអាចបត់បែនបាន មានកម្លាំងខ្លាំង និងទម្ងន់ស្រាល ដែលអាចបំពាក់ក្នុងយន្តហោះចម្បាំងសម្រាប់ការវាយប្រហារពីអាកាសទៅអាកាស។ មីស៊ីលប្រភេទនេះក៏អាចប្រើជាអាវុធបាញ់ចេញដី ដើម្បីការពារដែនអាកាសផងដែរ។
រីឯ JASSM គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចហោះក្នុងចម្ងាយជាង ៨០០គីឡូម៉ែត្រ មានបំពាក់ប្រព័ន្ធ GPS និងក្បាលគ្រាប់មានទម្ងន់ជាង ៥០០គីឡូក្រាម ជាមួយនឹងសមត្ថភាពវាយប្រហារចំគោលដៅយ៉ាងជាក់លាក់។ មីស៊ីលប្រភេទនេះ បង្កើតឡើងសម្រាប់ការវាយប្រហារតាមអាកាសលើគោលដៅនៅដីគោក ហើយវាត្រូវបានរចនាឡើងក្នុងទម្រង់រូបរាងតូច តែមានសមត្ថភាពវាយប្រហារបំបាំងកាយ។
LRASM គឺជាមីស៊ីលរចនាឡើង ដើម្បីរុករក និងកម្ទេចគោលដៅជាក់លាក់នានា នៅក្នុងក្រុមនាវាចម្បាំង។ មីស៊ីលដ៏ទំនើបនេះ អាចប្រើប្រាស់ដើម្បីវាយប្រហារទៅលើនាវាចម្បាំង នាវាមុជទឹកជម្រៅរាក់ៗ, យន្តហោះដ្រូន, យន្តហោះចម្បាំង, រួមទាំងគោលដៅនៅលើដីគោកផងដែរ៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា
