ថៃប្រើវិធានការផ្លូវច្បាប់ប្រឆាំងកម្ពុជាគឺពុំ​មាន​មូលដ្ឋាន​ច្បាប់ទាល់តែសោះ និងធ្វើឡើងដើម្បីបង្វែងពីការទិតៀន​រឿងរំលោភ​អធិបតេយ្យកម្ពុជា

(ភ្នំពេញ)៖ កម្ពុជាបានកត់សម្គាល់ដោយការរំខានចិត្តនូវរបាយការណ៍​ដែលបាន​លើក​​ឡើង​ដោយប្រព័ន្ធឃោសនាថៃមួយចំនួនកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៥ អំពីសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងកម្ពុជាដែលបានប្រកាសឡើង​ដោយ​រដ្ឋាភិបាលរបស់ថៃ ។ វិធានការផ្លូវច្បាប់នេះគឺពុំមានមូលដ្ឋានសោះឡើយ ហើយ​វាក៏បង្ហាញឱ្យឃើញនូវការប៉ុនប៉ង ដោយចេតនាដើម្បីបង្វែរការចាប់អារម្មណ៍របស់​សាធារណៈមតិទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃ​ប្រឆាំង​នឹងកម្ពុជា ជាពិសេសការវាយប្រហារឥតមូលហេតុ ប្រឆាំងនឹងទឹកដីរបស់កម្ពុជា ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់​រវាង​កម្ពុជា-ថៃ» នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​បានឱ្យ​ដឹងថា ៖ ចំពោះវិធានការផ្លូវច្បាប់របស់ថៃនាពេលនេះគឺវាបានបង្ហាញឱ្យឃើញយ៉ាង​ច្បាស់ថា មានគោលដៅ បង្វែងការទិតៀនដែលកំពុងកើនឡើងស្តីអំពីការ​ខូចខាត​ប្រ​ជាជនស៊ីវិល ការរំលោភបំពានរបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយ​និង​ការមិនគោរពជាបន្តបន្ទាប់ របស់ថៃចំពោះកិច្ចព្រមព្រៀងឈប់បាញ់។

អ្នកនាំពាក្យក្រសួងការបរទេសថ្លែងដែរថា ក្នុងចំណោមការចោទប្រកាន់ធ្វើជា​មូល​ដ្ឋាន​សម្រាប់សកម្មភាពផ្លូវច្បាប់របស់ថៃនេះដែរ គឺពុំមានមូលដ្ឋានរឹងមាំឡើយ ហើយវា​មានហេតុផលនយោបាយ និងវាក៏មិនមានមូលដ្ឋានសម្រាប់ជឿជាក់​បាន​ផងដែរ។ កម្ពុជាសូមបដិសេធជាដាច់ខាតនូវការចោទប្រកាន់ទាំងនោះ ហើយសូម​ធ្វើការ​អះ​អាងជាថ្មីម្តងទៀតអំពីចំណុចគន្លឹះមួយចំនួនដូចជា៖ ទី១៖កម្ពុជា​មិនមែន​ជាអ្នក​ចាប់​ផ្តើមនូវភាពប្រទូសសារាយនោះទេ។ ជម្លោះ​ដែលកើតឡើងថ្មីៗ​នេះ គឺ បាន​​ចាប់​ផ្តើមឡើងដោយការទន្រ្ទានចូលរបស់យោធាថៃ ហើយនិងការបាញ់ផ្លោង​ចូលមក​ក្នុង​ទឹកដីកម្ពុជា ដែលជាការរំលោភបំពាន ដោយផ្ទាល់មកលើអធិបតេយ្យ​ភាពរបស់​កម្ពុជា ។

ទី២៖កម្ពុជាធ្វើសកម្មភាពក្នុងសិទ្ធស្វ័យការពារស្របច្បាប់របស់ខ្លួន ។ កងកម្លាំង​ប្រ​ដាប់​អាវុធរបស់កម្ពុជា បានធ្វើការឆ្លើយតប សមស្របទៅតាមសកម្មភាព យោធា​របស់​ថៃ ហើយមានភាពសមស្របទៅតាមមាត្រា៥១ នៃធម្មនុញ្ញ នៃអង្គការ​សហ​ប្រជាជាតិ សំដៅការពារអធិបតេយ្យភាព និងប្រជាជនស៊ីវិលរបស់ខ្លួនតែប៉ុណ្ណោះ។

ទី៣៖ កម្ពុជាពុំដែលយកប្រជាពលរដ្ឋស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនសោះឡើយ។ការខូចខាតរបស់ប្រជាជនស៊ីវិលដ៏គួរឱ្យសោកស្តាយ ប៉ុន្តែការចោទប្រកាន់​របស់ថៃ​បានមើលរំលងនូវការពិតដែលថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារតាមក្នុងតំបន់ប្រជាជនស៊ីវិលដែលជាការរំលោភបំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវក្នុងទឹកដីកម្ពុជា។ សម្រាប់កងកម្លាំងប្រដាប់អាវុធរស់កម្ពុជាវិញ បានគោរពដោយ​ពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនដែលយកប្រជា​ពលរដ្ឋ​ស៊ី​វិលយកជាគោលដៅ របស់ខ្លួនសោះឡើយ។

ទី៤៖កម្ពុជានៅមានការតាំងចិត្តចំពោះសន្តិភាព ថ្វីត្បិតនៅតែបន្តការបង្ករឿង ពី​ភាគី​ថៃ តែកម្ពុជានៅតែបន្តការតាំងចិត្តដ៏ពេញលេញ​ចំពោះកិច្ច​ព្រមព្រៀង​ឈប់បាញ់ ។កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់ការផ្សាយព័ត៌មានមិនពិត ហើយនិង​បញ្ឈប់នូវ​សកម្មភាពអមិត្តប្រឆាំងនឹងកម្ពុជា ហើយវិលត្រឡប់រកកិច្ចសន្ទនាប្រកប​ដោយ​ស្ថាបនាក្នុងស្មារតីសន្និតសហវិជ្ជមាន និងសាមគ្គីភាព ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner