តំណាងក្រុមនិស្សិតយកញត្តិដាក់ទៅស្ថានទូតចំនួន១៦ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា
ភ្នំពេញ៖ តំណាងក្រុមនិស្សិតបានយកញត្តិដាក់ទៅស្ថានទូតធំៗ ចំនួន ១៦ ប្រចាំព្រះរាជាណាចក្រកម្ពុជាំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាចំនួន១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា។ ការដាក់ញត្តិនេះ បានធ្វើឡើងបន្ទាប់ពីថៃនៅមិនទាន់បានដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យត្រឡប់មកកម្ពុជាវិញ និងថៃនៅតែរំលោភបំពាន និងមិនគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា។
ស្ថានទូតទាំង១៦ ដែលត្រូវដាក់ញត្តិនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មានដូចជា ស្ថានទូតចិន ស្ថានទូតអាមេរិក ស្ថានទូតម៉ាឡេស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតបារាំង ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតឥណ្ឌា ស្ថានទូតជប៉ុន ស្ថានទូតរុស្ស៊ី ស្ថានទូតសិង្ហបុរី ស្ថានទូតសាធារណរដ្ឋកូរ៉េ ស្ថានទូតវៀតណាម ស្ថានទូតឡាវ ស្ថានទូតមីយ៉ាន់ម៉ា។
លោក សែមស័ក្តិ សិនា និស្សិតបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការដាក់ញត្តិទៅបណ្តាស្ថានទូតធំៗដែលមានវត្តមាននៅកម្ពុជា គឺទី១. ស្នើសុំឲ្យមានការដោះលែងវីរៈយុទ្ធជនទាំង១៨រូបរបស់កម្ពុជាជាបន្ទាន់ និងស្នើឲ្យភាគីថៃ គោរពតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ និង MOU 2000 ឲ្យខានតែបាន និងច្បាប់អន្តរជាតិនានាដែលមានជាធរមាន។
លោក សែមស័ក្តិ សិនា សង្ឃឹមថា ស្ថានទូតទាំង១៦ ដែលបានដាក់ញត្តិជូននេះ នឹងនាំយកញត្តិនេះដាក់ទៅរដ្ឋាភិបាលរបស់ខ្លួនរៀងៗខ្លួន ហើយយ៉ាងហោចណាស់ក៏យើងបាននាំយកនៅមតិសាធារណៈដើម្បីឲ្យស្ថានទូតបានដឹងថា អ្វីដែលកម្ពុជាចង់បាននេះ គឺគ្មានអ្វីក្រៅពីសុខសន្តិភាព មិនមានសង្គ្រាម មិនមានជម្លោះរ៉ាំរ៉ៃណាមួយនៅក្នុងប្រទេសកម្ពុជារវាងប្រទេសកម្ពុជា និងប្រទេសជិតខាងទេ។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ោង ២៤:០០ កម្ពុជានឹងថៃបានអនុវត្តនៅបទឈប់បាញ់រួមគ្នាក្រោមកិច្ចសម្របសម្រួលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន នៅម៉ាឡេស៊ី ក្រោមការអង្កេតការណ៍របស់សហរដ្ឋអាមេរិក និងចិន ប៉ុន្តែទោះបីជាយ៉ាងណាក្តីថៃនៅតែព្យាយាមរុញច្រានស្ថានការណ៍ឲ្យទៅមុខម្តងជាពីរដង និងចិញ្ចឹមចិត្តចង់ឈ្លានពានមកលើកម្ពុជា៕
ដោយ៖ពលជ័យ