កិច្ចព្រមព្រៀងពាណិជ្ជសេរីធ្វើឲ្យភាគហ៊ុនក្រុមហ៊ុនអាហារសមុទ្រ និងផលិតផលកាត់ដេរនៅវៀតណាមកើនឡើងខ្លាំង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយប្រទេសផ្សេងៗកំពុងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេសនេះ ក្នុងនោះ ភាគហ៊ុនផលិតផលអាហារសមុទ្រ និងផលិតផលវាយនភណ្ឌរបស់វៀតណាម កាលពីឆ្នាំមុន មានកំណើនខ្លាំង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ថ្មីៗនេះៗ។

ភាគហ៊ុនក្រុមហ៊ុន ACL មានទំហំប្រមាណ១ម៉ឺនដុង ក្នុងមួយភាគហ៊ុន កាលពីខែមេសា ២០១៨។ គិតមកដល់ថ្ងៃទី១០ មេសា ២០១៩នេះ កើនដល់៣៩៥៥០ដុងក្នុងមួយហ៊ុន។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ក្រុមហ៊ុននាំចេញត្រី ACL បានប្រមូលផលចំណេញដុល ២៣០ពាន់លានដុង កើនឡើងប្រមាណ១១ដង បើធៀបនឹងឆ្នាំ២០១៧។ ក្រុមហ៊ុននេះរំពឹងថា នឹងមានផលចំណេញកើនឡើង៣២០ភាគរយ នៃផែនការចំណេញឆ្នាំ២០១៨។

ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិនកើនកម្តៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខារួចហើយនោះបានជំរុញឱកាសទទួលបានការបញ្ជាទិញបន្ថែមទៀត ក្នុងនោះ ឧស្សាហកម្មវាយនភណ្ឌនឹងទទួលបានអត្ថប្រយោជន៍ធំធេង។

ភាគហ៊ុននៃក្រុមហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG បានកើនឡើងពី១ម៉ឺនដុង ក្នុង១ភាគហ៊ុន កាលពីដើមឆ្នាំ២០១៨ ដល់២៣១០០ដុងក្នុងមួយភាគហ៊ុន ថ្មីៗនេះ ជាការកើនឡើងច្រើនជាង១០០ភាគរយ។ កាលពីចុងឆ្នាំ២០១៨ TNG ទទួលបានផលចំណេញដុល១៨០ពាន់លានដុង កើនឡើង៦០ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner