ពលរដ្ឋ៧៥គ្រួសារដែលជម្លៀសពីទីតាំងតាមជាយដែននៃស្រុកស្វាយចេកបានទទួលអំណោយ
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ៧៥គ្រួសារ ដែលជម្លៀសពីទីតាំងតាមជាយដែនក្នុងភូមិសាស្រ្តស្រុកស្វាយចេក មកកាន់ទីកន្លែងសុវត្ថិភាពស្នាក់នៅបណ្ដោះអាសន្ននៅវត្តប្រាសាទភាស ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានទទួលការចុះសួរសុខទុក្ខឯកឧត្តម ភួង សោភា និងលោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើនរូប។

ក្នុងដំណើរសួរសុខទុក្ខនិងផ្តល់អំណោយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមភួង សោភាបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
អំណោយដែលចែកជូនមានសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួន។

ដោយឡែកនៅថ្ងៃដដែលនោះឯកឧត្តមភួង សោភា និងមន្រ្តីចូលរួមបានអញ្ជើញបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនវីរយុទ្ធជនចំនួនពីរនាក់ និងនគរបាលការពារព្រំដែនបីនាក់ ដែលរងផលប៉ះពាល់ផ្សែងពុលរបស់ទាហានថៃដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី៕
ដោយ៖ឃិន គន្ធា


