អ្នកនាំពាក្យក្រសួងការបរទេស ៖ ការលើកឡើងពីភាគីថៃ ជុំវិញការរចរចាបញ្ហា​ព្រំដែន របស់កម្ពុជា ជារឿងគ្មានលក្ខណៈត្រឹមត្រូវ និងខុសពីការពិត

(ភ្នំពេញ)៖ កម្ពុជា សុំបំភ្លឺ ក៏ដូចជាបដិសេធ ចំពោះក្រសួងការបរទេសថៃ ដែលបាន​លើក​ឡើង​កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ថា កម្ពុជាត្រឡប់មករកកិច្ចចរចា​ជាមួយថៃវិញនោះគឺ គ្រាន់តែទទួលបានទំនុកចិត្តតែប៉ុណ្ណោះ។

ការលើកឡើងបែបនេះពុំមានលក្ខណៈត្រឹមត្រូវឡើយ ហើយក៏ជាការមើល​រំលង​កិច្ច​ខិត​ខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យភាពតានតឹងថយចុះ និងការរក្សាសន្តិភាព។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់​រវាង​កម្ពុជា-ថៃ»​ នារសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី ឱ្យបាន​ដឹងថា​៖” កម្ពុជាសូមអះអាងជាថ្មីម្តងទៀតពីការតាំងចិត្តដ៏រឹងមាំ និងប្រកបដោយ​មិត្តភាព​របស់ខ្លួនក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់ជាមួយប្រទេសថៃ តាមរយៈ​មធ្យោ​បាយសន្តិវិធី”។

”កម្ពុជាសូមធ្វើការ​បដិសេធ​យ៉ាងដាច់អហង្កាចំពោះការលើកឡើងរបស់ថៃអំពីការ​បង្ក​រឿងរបស់កម្ពុជា ហើយក៏សូមសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ​ការបន្ត​សកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃនៅតាមបណ្តោយព្រំដែន​នៃប្រទេស​ទាំងពីរ ដែលសកម្មភព​នេះ​មិនត្រឹមតែជាការរំលោភបំពានទៅលើកិច្ចព្រមព្រៀងឈ​ប់បាញ់​ប៉ុណ្ណោះទេ ប៉ុន្តែ​ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងខាងទូតដែល​កំពុងតែ​ដំណើរការដើម្បីធ្វើឱ្យភាពតានតឹងមានការថយចុះ”។

ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកនូវការអត់ធ្មត់​ជាអតិ​បរមា​នៅចំពោះមុខនៃការបង្ករឿងរបស់ថៃ ហើយមានការតាំងចិត្តដ៏ពេញលេញ​ចំ​ពោះ​ដំណោះស្រាយដោយសន្តិវិធី។ កន្លងមកតាមការពិតខាងយោធាថៃ គឺជា​អ្នក​ចាប់ផ្តើមធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា តាមរយៈការទន្ទ្រាន​ជាបន្តបន្ទាប់​ចូលមកក្នុងទឹកដីរបស់កម្ពុជា ដែលសកម្មភាពនេះគាំទ្រដោយការបាញ់ផ្លោង រួម​នឹងប្រតិបត្តិការតាមផ្លូវការអាកាសថែមទៀតផង។

ឯកឧត្តមបានបន្តថា សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការលើកឡើង​ដោយ​គ្មាន​មូលដ្ឋានរបស់ភាគីថៃ ដែលបានចោទប្រកាន់កម្ពុជាថាជាអ្នកបាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត ដែលការចោទប្រកាន់នេះមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់​លាស់ ហើ​យក៏ជាការប៉ុនប៉ងដោយចេតនាក្នុងការបង្វែរការចាប់អារម្មណ៍​ពីការពិត​ដែលបានកើតមានឡើង និងចង់ឱ្យសកម្មភាពបង្ករឿងរបស់ខ្លួនមានភាពត្រឹមត្រូ​វតែប៉ុណ្ណោះ​៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner