ក្រសួងការពារជាតិ ៖ ថៃកំពុងប្រឌិតពីរឿងទាហាន (BHQ) ខ្មែរម្នាក់លាក់ខ្លួនធ្វើសកម្មភាពនៅទឹកដីថៃ
(ភ្នំពេញ)៖ ការផ្សព្វផ្សាយរបស់សារព័ត៌មាន ក៏ដូចជាអាជ្ញាធរថៃ ដោយចោទប្រកាន់គ្មានមូលដ្ឋានទាល់តែសោះ ហើយបាន បង្កើតសាច់រឿងគ្មានភស្តុតាង មិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើទាហានខ្មែរម្នាក់មកពីវិទ្យាការដ្ឋានអង្គរក្សហៅកាត់ថា BHQ លាក់ខ្លួននៅទឹកដីថៃដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងដោយធ្វើការច្រានចោលទាំងស្រុងចំពោះសារព័ត៌មានថៃដែលបានផ្សាយប្រឌិតថាទាហានខ្មែរម្នាក់លាក់ខ្លួននៅថៃដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថាថៃបានផ្សាយព័ត៌មានមិនពិតដោយប្រឌិតលើកឡើងថា ប៉ូលិសខេត្តប៊ុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់មកពីវិទ្យាការដ្ឋានអង្គរក្សហៅកាត់ថា BHQ នឹងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះដើម្បីធ្វើសកម្មភាពយោធា។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ”កងយោធពលខេមរភូមិន្ទមិនអនុញ្ញាតឱ្យយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួនបែបក្នុងរូបដែលខាងភាគីថៃបានបង្ហាញចូលប្រើការក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងជាដាច់ខាត”។
ក្រសួងការពារជាតិកម្ពុជា ស្នើភាគីថៃឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សាយព័ត៌មានមិនពិត ប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ដែលបង្ហាញពីភាពគ្មានវិជ្ជាជីវៈសោះឡើយ៕
ដោយ៖ម៉ាដេប៉ូ និង វេង លីមហួត
