បេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ក្រសួងការបរទេសចំនួន៧១នាក់ត្រូវបន្តប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរការកំណែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ គណៈកម្មការប្រឡងប្រជែង សម្រាំងបានបេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៧១នាក់ (ស្រី ២៨នាក់) ក្នុងចំណោម ៨០៣នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ ល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល បានពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១)។
យោងតាមការបញ្ជាក់នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងកាលពីពេលកន្លងទៅ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រសួងនិងធ្វើការជ្រើសរើសជំនាញចំនួន៣ ក្នុងនោះទី១មន្រ្តីការទួតជាន់ខ្ពស់ផ្នែកច្បាប់ ទី២មន្រ្តីការទួតផ្នែកទំនាក់ទំនងអន្តរជាតិ និងទី៣ មន្រ្តីការទួតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ។ លោកជំទាវបន្ថែមថា ការប្រឡងជ្រើសរើសមន្រ្តីការទួតជាន់ខ្ពស់នេះ គឺបន្ទាប់ពីទទួលគោលការណ៍ពិសេសពីសម្តេចធិបតីនាយករដ្ឋមន្រ្តី គឺនិងធ្វើការជ្រើសរើស៣ឆ្នាំជាប់គ្នា ដោយនៅក្នុង១ឆ្នាំជ្រើសរើសបានចំនួន ៥០នាក់។
គួរបញ្ជាក់ផងដែរថា គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំង ៧១រូប ដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវចូលរួមការប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់សម័យប្រឡង ថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា










