អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការផ្ដល់ព័ត៌មានមិនពិតហើយវិលត្រលប់មករកកិច្ចសន្ទនាដោយសុចិត

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាញសារព័ត៌មានរបស់ថៃជាច្រើនបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឱ្យមានការយល់ច្រឡំមកលើកម្ពុជា ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម​ ជុំ សុន្ទរី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន​វេលាម៉ោង១១​ថ្ងៃទី ០៧ សីហា ២០២៥​ឱ្យដឹងថា កម្ពុជាទាមទារឱ្យថៃ បញ្ឈប់ការផ្ដល់ព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយវិលត្រលប់មករកកិច្ចសន្ទនាដោយសុចិត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។

ឯកឧត្តមបន្តថា ព័ត៌មានមិនពិតរបស់ប្រទេសថៃ បានធ្វើឱ្យមាន​ផលប៉ះ​ពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​នៃប្រទេសទាំងពីរ ហើយក៏ជាការ​គំរាមកំហែងចំពោះ វឌ្ឍន​ភាព​ដែល​សម្រេច​បានក្រោ​មកិច្ច​ព្រមព្រៀងឈប់បាញ់គ្នា ។ កម្ពុជានៅ​តែមា​នកា​រតាំង​ចិត្ត​នូវ​រាល់​ការដោះស្រា​យ​បញ្ហា​ទាំងអស់ដោយសន្តិវិធី តាមរយៈយន្តការការទូត ជាពិសេសគឺគណៈកម្មាធិការកិច្ចព្រំដែនទូទៅ ដែលបាន​ផ្ដល់នូវលទ្ធផលមួយចំនួន ។

ទន្ទឹមនឹងនោះដែរ កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងប្រទេស​សមាជិក​អាស៊ាន បណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិ បណ្ដាប្រទេសដែលសង្កេតការណ៍ ពិសេស​ប្រធាន​អាស៊ានបច្ចុប្បន្ន ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន សូមឱ្យ​គាំទ្រយន្តកា​រ​សត្យា​នុម័ត ដើម្បីត្រួតពិនិត្យសភាពការណ៍ ដូចជាការស្នើឡើងនូវយន្តការត្រួតពិនិត្យរបស់អាស៊ាន ។

កម្ពុជាក៏សូមអំពាវនាវដល់ប្រព័ន្ធឃោសនាទូទៅ សូមឱ្យស្វែងរកការពិត​ជាសត្យានុម័ត​ដោយគាំ​ទ្រដ​ល់យ​ន្តការផ្ទៀងផ្ទាត់ឯករាជ្យ ដូចជាការស្នើឡើងនូវក្រុមត្រួតពិនិត្យរបស់អាស៊ាន និង​ជៀស​​វាងនូវការផ្សាយការបកស្រាយជាឯកតោភាគី ដែលមិនគិតគូរ​ទៅ​ដល់​ការ​ពិត​ដែល​កើត​មានឡើង និងការបង្ហាញ ឱ្យច្បាស់នូវការតាំងចិត្តរបស់កម្ពុជាចំពោះការអត់ធ្មត់ ហើយ​និង​ការ​ទូត ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner