លោក Zelensky ប្រកាសសុំជួបលោក Putin ចរចាបញ្ចប់សង្គ្រាម
កៀវ ៖ លោក Volodymyr Zelensky ប្រធានាធីបតី នៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ បានប្រកាសសុំជួបទល់មុខគ្នា ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដើម្បីចរចាគ្នា បញ្ចប់សង្គ្រាម រវាងប្រទេសទាំងពីរ។
ការប្រកាសចង់ជួបលោក Putin ផ្ទាល់ ពីសំណាក់លោក Zelensky បានធ្វើឡើង បន្ទាប់ពីបេសកជនពិសេសរបស់អាមេរិក លោក Steve Witkoff និង លោក Putin បានជួបពិភាក្សា ជាមួយគ្នា នៅទីក្រុងមូស្គូ។ លោក ប្រធានាធិបតី Donald Trump បានសាទរ កិច្ចពិភាក្សានេះ ថា មានផលិតភាពខ្ពស់។
លោក Zelensky បានរៀបរាប់ តាមរយៈបណ្តាញសង្គម ថា ប្រទេសអ៊ុយក្រែន ចង់ស្វែងរកដំណោះស្រាយពិតប្រាកដ ហើយអាចមានប្រសិទ្ធភាពបាន លុះតែ មានជំនួបកម្រិតមេដឹកនាំ។ លោក ថា ចាំបាច់ត្រូវកំណត់ពេលវេលា សម្រាប់ជំនួបកំពូលនេះ ដើម្បីដោះស្រាយបញ្ហាជាប់គាំង សំខាន់ៗ។
លោក Zelensky បានបន្ថែមថា ក៏នឹងមានការប្រាស្រ័យទាក់ទងគ្នា នៅកម្រិតទីប្រឹក្សាសន្តិសុខជាតិ ផងដែរ។ យ៉ាងណា លោក Zelensky ចោទថា រុស្ស៊ី ដែលបានចាប់ផ្តើមសង្រ្គាម ដូច្នេះ រដ្ឋាភិបាលក្រុងមូស្គូ ត្រូវចាត់វិធានការ ពិតប្រាកដ ដើម្បីបញ្ចប់ការឈ្លានពាន របស់ខ្លួន។
លោក Zelensky បន្តថា លោកក៏ទើបបាននិយាយតាមទូរស័ព្ទ ជាមួយលោក Trump ហើយ មេដឹកនាំអាមេរិក រូបនេះ បានប្រាប់ថា អាចនឹងជួបជាមួយ លោក Vladimir Putin ឆាប់ៗនេះ។
ជុំវិញរឿងនេះ ត្រូវបានមន្ត្រីសេតវិមាន បានចេញមុខ មកបញ្ជាក់ថា ជំនួបកំពូល Trump-Putin អាចនឹងធ្វើឡើងភ្លាមៗ នៅសប្តាហ៍ក្រោយ។ ក្រៅពីនេះ ក៏មានរបាយការណ៍ ដែលបង្ហាញឲ្យដឹងថា លោក Trump មានបំណងចង់ជួប ទាំង លោក Putin និង លោក Zelensky ជាមួយគ្នា តែម្តង នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត