ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អន​ឡាញលើកទី២ នៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនិងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (Cambodia 2nd Digital Trade Forum and Online Expo)» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាល​ស៊ីធីហលកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជូន​ដំណឹងរបស់​ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា វេទិកានេះធ្វើឡើងក្នុងគោល​បំណងជំរុញកិច្ចពិភាក្សា​អំពីទិដ្ឋភាព​ពាណិជ្ជកម្ម ឌីជីថល ក្របខ័ណ្ឌ​គោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផល​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាល​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសផ្ទាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នឹងផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវេទិកាខាងលើជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែកញ្ញា ។

ព្រឹត្តិការណ៍ខាងលើនឹងមាន៖ ១-ការចូលរួមពីក្រុមហ៊ុនផ្តល់សេវាកម្ម និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និង ពាណិជ្ជ​កម្ម​ឌីជីថលចូល​រួមថ្លែងសុន្ទរកថាគន្លឹះនិងកិច្ចពិភាក្សា ២-វគ្គបណ្តុះបណ្តាលជំនាញ​ពិសេស ៣-កម្មវិធីជជែក ដេញដោល​យុវជន និង៤-ការរៀបចំស្តង់តាំង​បង្ហាញផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទ រួមមាន៖ ផលិតផល សក្តា​នុពល​កម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ អាហារនិងភេសជ្ជៈ សេវាកម្មអ៊ីនធឺណិត ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិច​ត្រូនិក ធនាគារ ភ្នាក់ងារដឹកជញ្ជូន និងសេវាកម្មក្លោដនិងបញ្ញាសិប្បនិម្មិត ជាដើម៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner