គម្រោងសំណង់ទ្វារទឹកនៅឃុំប្រាសាទ ស្រុកព្រះនេតព្រះ ទទួលការគាំទ្រពីប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ ប្រភពទឹកមានដូចជា អូរ ស្ទឹង ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ
បានក្លាយជាចំណាប់អារម្មណ៍ពីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងមន្រ្តីនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​បន្ទាយមានជ័យ។គម្រោងសំណង់ទ្វារទឹកនឹងលេចជារូបរាងឡើងនៅពេលខាងមុខដើម្បីជំរុញដល់ការងារ​កសិកម្មដំណាំ​ស្រូវ។

លោក មាស ហឹក មេឃុំប្រាសាទបានឱ្យដឹងកាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០២៥ថា ក្នុងនាមរដ្ឋបាលឃុំលោកគាំទ្រ​ក្នុងការដាក់គម្រោងស្នើសុំទៅថ្នាក់ដឹកនាំខេត្ត និងក្រសួងតាមរយៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នូវគម្រោងសាង​សង់​ទ្វារទឹកកាត់អូរចំនួនបីកន្លែងក្នុងភូមិសាស្ត្រឃុំប្រាសាទ។លោកថា សំណង់ទ្វារទឹកទាំងនោះ​នឹងជួយ​បង្កើន​បានទឹក​ប្រើប្រាស់ទ្វេឡើងថែមទៀតសម្រាប់ការងារបង្កើនផលស្រូវ។

ក្នុងសប្ដាហ៍នេះដែរថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យប្រភពទឹកអូរ ស្ទឹង នៅភូមិសាស្ត្រ​ឃុំ​ប្រាសាទ ក្នុងន័យដើម្បីពិនិត្យមើលសក្តានុពលធារាសាស្រ្ត ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់កសិករក្នុងការពិពិធកម្ម
ដំណាំស្រូវរបស់ពួកគេ។

លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា​ ទន្ទឹមនឹងមានប្រព័ន្ធប្រឡាយមេ និងប្រឡាយចែកចាយទឹក ក៏ចាំបាច់ត្រូវមានសំណង់ទ្វារទឹក។សំណង់ទ្វារទឹកនឹងត្រូវប្រើប្រាស់​សម្រាប់​រំដោះទឹកជំនន់​ឬស្តុកទឹកទុកប្រើប្រាស់។សំខាន់ជាងនេះទៀតដើម្បីឱ្យសហគមន៍ប្រើប្រាស់ទឹកងាយ​គ្រប់​គ្រង​លើការ​ប្រើប្រាស់ទឹក​និងថែទាំនូវប្រព័ន្ធធារាសាស្ត្រទាំងនោះ។ មន្ត្រីមន្ទីរធនធានទឹករូបនេះបានបង្ហាញនូវការគាំទ្រក៏ដូចជាការ​ជំរុញ​គម្រោង​សំណង់ទ្វារទឹកចំនួនបីកន្លែងក្នុងឃុំប្រាសាទទៅថ្នាក់ដឹកនាំ ព្រោះគម្រោងនេះផ្ដល់ផលប្រយោជន៍​ដល់ប្រជា​ពលរដ្ឋ។

បើតាមលោក យឹម យឿន អភិបាលរងស្រុកព្រះនេតព្រះបាន​ឱ្យដឹងថា គិតចាប់ខែកក្កដា​មកដល់ខែសីហានេះ​ការធ្វើ​ស្រូវ​មិនប្រកាន់រដូវ​សម្រេចបាន៤៨.១១២ ហិកតា។ដោយឡែកឃុំប្រាសាទសម្រេចធ្វើបានចំនួន៥.០៧០ហិកតា។ លោក​បន្តថា ស្រុកព្រះនេតព្រះ ក្នុងនោះ មានឃុំប្រាសាទជាដើម ​ប្រព័ន្ធធារាសាស្ត្រមិនទាន់ឆ្លើយតប​ទៅនឹងផ្ទៃដីបង្ក​បង្កើន​ផលស្រូវនៅឡើយ ដែលចាំបាច់ត្រូវ​មានសំណង់ទ្វារទឹកថែមទៀតដើម្បីស្តុកទឹកទុក៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner