ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកែប
(ខេត្តកែប)៖ លោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៦៧នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ១ពាន់កន្លែង៕
ដោយ ៖ ង៉ាន់ ទិត្យ







