សភាពការណ៍នៅតាមព្រំដែនរក្សាបានភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច
(ភ្នំពេញ)៖ គិតរាប់ចាប់តាំងតែពីម៉ោង១២រំលងអធ្រាត្រ មកដល់វេលាម៉ោង ៦,០០ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នៅទិសខាង ខេត្ត ព្រះវិហារ និង ឧត្តរមានជ័យ សភាពការណ៍ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់។
បញ្ជាក់នាព្រឹកថ្ងៃទី ០៨ ខែសីហានេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បើទោះជាសភាពការណ៍តាមព្រំដែនស្ងប់ស្ងាត់យ៉ាងណាក្តី ប៉ុន្តែ កងកំលាំងរបស់កម្ពុជា នៅតែប្រុង ប្រយ័ត្នខ្ពស់ជានិច្ចក្នុងការទប់ស្កាត់ការចូលមកដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងទ័ពថៃ ។ កងកំលាំងកម្ពុជាយើងមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតួនាទីភារកិច្ចរបស់ ខ្លួន យ៉ាងខ្ជាប់ខ្ជួន ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើង ចំពោះអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលទើបបានបញ្ចប់កាលពី ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីវិញ ត្រូវបានលោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កម្ពុជាក៏បានស្នើឱ្យមានការដោះលែងកងកំលាំងកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័សបំផុត។ ក្រសួងការពារជាតិកម្ពុជា និង កងយោធពលខេមរភូមិន្ទបានប្តេជ្ញាថាមិនទុកចោលសមាជិកខ្លួនណាម្នាក់ឡើយ ៕
ដោយ ៖ ម៉ាដេប៉ូ ,វេង លីមហ៊ួយ
