រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ដល់អំណោយដល់ បងប្អូន ជនភាសឹក ប្រមាណ ៦០០គ្រួសារ ក្នុងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលជា ជនភាសឹក មករស់នៅទីទួលសុវត្ថិភាព សរុបចំនួន ៦៧១គ្រួសារ ស្ថិតនៅក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក្នុងនោះក៏បានធ្វើការចែកអំណោយ ជាវគ្គៗ ដោយឡែក។
ក្នុងនោះបងប្អូនដែលជាជនភៀសសឹកចំនួន ២៩៤គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងបរិវេណ វត្តចាន់សុី ក្នុងស្រុកអូរជ្រៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរជ្រៅ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត រួមដំណើរដោយ លោកជំទាវ លោក នួម សុភ័ណ្ឌ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់ជូននូវអំណោយជូន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី ១យួរ។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនគឺមានសភាពស្ងប់ស្ងាត់ជាធម្មតាប៉ុន្តែបងប្អូនដែលរស់នៅជិត ព្រំដែនសុំឲ្យរក្សាការរស់នៅក្នុងទីសុវត្ថិភាពសិន រង់ចាំមើលតាមដានបន្ត ព្រោះថាពួកចោរសៀមឈ្លានពានទឹកដីកម្ពុជា មានល្បិចកលពិសពុលណាស់រយៈកាលកន្លងមកថ្មីៗនេះ ពួកចោរសៀមបានធ្វើការវាយប្រហារជាមុនប៉ុន្តែកម្ពុជាយើង មានការការពារខ្លួនជានិច្ច។
ឯកឧត្ដម បន្តថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ លើលក្ខខណ្ឌនៃការឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០២៥ ទាំងនេះគឺជាការប្ដេជ្ញាចិត្ត សុចរិតច្បាស់លាស់ ហ្មត់ចត់ មិនរួញរាមិនប្រែប្រួល នូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំង យើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្មោះត្រង់ នៃលក្ខខណ្ឌនៃការឈប់បាញ់គ្នា ធ្វើយ៉ាងណា ដើម្បីឆ្ពោះទៅភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុតនិយាយរួមខ្មែរស្រឡាញ់សន្តិភាព ៕




ដោយ ៖ ឃិន គន្ធា