កងកម្លាំងជប៉ុនរាប់ម៉ឺននាក់ កំពុងមមាញឹកជួយសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ និងការបាក់ដី
ជប៉ុន៖ ក្រុមសង្រ្គោះបន្ទាន់ និងកងកម្លាំងស្វ័យការពារជប៉ុនរាប់ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍នេះ កំពុងតែមមាញឹកក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភាគខាងលិច និងភាគនិរតីប្រទេស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានបញ្ជាក់ថា ព្យុះភ្លៀងអាចនឹងបន្តវាយលុករហូតដល់ថ្ងៃទី១២ ខែកក្កដា ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេស ហើយអាជ្ញាធរក៏បានអំពាវនាវផងដែរ ឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើតមានគ្រោះរអិលបាក់ដី និងទឹកជំនន់នៅតំបន់វាលទំនាប ។
ភ្នាក់ងារ JMA ក៏បានចេញបទបញ្ជាជាលើកទី ២ ដើម្បីជម្លៀសប្រជាជនច្រើនជាង៤៥ម៉ឺននាក់ផងដែរ ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុប៥៥នាក់ ហើយត្រូវបានគេអះអាងថា ស្លាប់ ខណៈមនុស្ស០៤នាក់ទៀត ដែលកំពុងបាត់ខ្លួនក៏ត្រូវបានគេសន្មត់ថាបាត់បង់ជីវិត ៕