៧ថ្ងៃនេះយុទ្ធនាការទ្រង់ទ្រាយធំ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង ៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ គិតពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ។

លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងរយៈពេល ៧ថ្ងៃនៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស. ហើយជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱកាសការងារភ្លាមៗជាង ១ម៉ឺននាក់ដែលទទួលបានឱកាសការងារភ្លាមតាមរយៈយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២របស់ក្រសួង”។

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី៧នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២០០ក្នុងខេត្តនានានៅទូទាំងប្រទេសដោយមានអ្នកចូលរួមប្រមាណ៦ម៉ឺននាក់ដែលភាគច្រើនបំផុតគឺជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។

សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយជំហានទី១តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ដែលបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ១០២ឃុំ ខណៈដែលយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះមានរយៈពេល ១០ថ្ងៃដែលនឹងត្រូវចុះផ្សព្វផ្សាយចំនួន ៣០០ឃុំពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner