ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តគិតគូរពីការរៀបចំក្រុង និងដោះស្រាយបញ្ហាប្រឈម ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្ត និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តជំរុញឱ្យយកចិត្តទុកដាក់គិតគូរអំពីការរៀបចំក្រុង ដោយបញ្ជាក់ថា ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ អាចមានជីវិតរស់រវើកបាន គឺត្រូវពឹងផ្អែកទៅលើសមត្ថភាព ភាពឆ្លាតវៃ របស់គណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងនោះ ។ ទន្ទឹមនោះដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត ពិសេត្រូវគិតគូរអំពីស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌នៅមូលដ្ឋានផងដែរ ដើម្បីឱ្យក្រុងព្រះសីហនុកាន់តែមានភាពរីកចម្រើន លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ។
នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងនៅខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្នើដល់សមាជិកអង្គប្រជុំឱ្យលើកជាមតិយោបល់ ទាក់ទិនទៅនឹងការងារតាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយរិះរកវិធីសាស្ត្រដើម្បីតម្រង់ទិសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេល ២ឆ្នាំ នៃអាណត្តិទី៧នេះ យើងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា នៅក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យមានការយោគយល់ និងចូលរួមពីសមាជិកអង្គប្រជុំទាំងអស់ ដែលជាប្រតិបត្តិករនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ឬអាចនិយាយបានថាជាប្រតិបត្តិករក្នុងការកសាងប្រទេសជាតិ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការតម្រង់ទិសអនុវត្តយុទ្ធសាស្ត្របញ្ចកោណនោះ ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណងនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា គ្មានពេលវេលាណាដែលខ្មែររួបរួមសាមគ្គីភាព មានការឯកភាពជាតិគ្រប់ស្រទាប់វណ្ណៈដូចពេលនេះនោះទេ ហើយក្នុងកាលៈទេសៈដ៍លំបាកដែលកម្ពុជាកំពុងជួបប្រទះ ក៍ជាពេលវេលាល្អសម្រាប់យើងក្នុងការរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ កសាងខឿនសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ។ ដោយឡែក ក្នុងក្របខណ្ឌខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរ និងគណបក្សមូលដ្ឋាន ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់លើការរៀបចំក្រុង ការងារលំនៅឋាន សំណង់អគារចាស់ សំណង់មិនរៀបរយ កំពង់ផែ រៀបចំឆ្នេរ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចាំបាច់ កសាងធនធានមនុស្ស ដោយពង្រឹងគ្រឹះស្ថានសិក្សា និងមតេយ្យសិក្សា ពង្រឹងការបម្រើសេវាសាធារណៈ និងគាំទ្រនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត ពិសេសគិតគូរដល់បងប្អូនពលករចំណាកស្រុក ដែលបានវិលមកមាតុប្រទេសវិញ ៕
ដោយ / គ្រី សម្បត្តិ











