អ្នកនាំពាក្យក្រសួងការពារជាតិ ៖មកដល់ពេលនេះទាហានកម្ពុជាទាំង ១៨រូបដែលកំពុងគ្រប់គ្រងដោយភាគីថៃមានសុវត្ថិភាព និងសុខភាពល្អ
(ភ្នំពេញ)៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះថា ៖ បើតាម កាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ពី យោធាកម្ពុជាដែលត្រូវបានទាហានថៃធ្វើការចាប់ខ្លួនទាំង១៨នាក់ក្រោយបទឈប់បាញ់ និង កំពុងត្រូវបានគ្រប់គ្រងដោយទាហានថៃ នៅខណៈពេលនេះមានសុខភាពល្អ និង សុវត្តិភាពផងដែរ។
ថ្លែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ តាមរយៈការផ្សាយផ្ទាល់ពិសេសពី សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹង”បើតាមការផ្តល់ព័ត៌មាន ដោយប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មការកាកបាទក្រហមអន្តរជាតិ នៅរសៀលថ្ងៃទី៨ ខែសីហាម្សិលមិញគឺថាទាហានទាំងអស់ដែលទាហានថៃកំពុងគ្រប់គ្រងកំពុងមានសុវត្តិភាព និងសុខភាពល្អ។
តាមរយៈការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជានៅតែបន្តទទូឱ្យភាគីថៃធ្វើការប្រញាប់ប្រគល់ជូនទាហានទាំង ១៨ រូបមកកម្ពុជាវិញឱ្យបានឆាប់រហ័សបំផុត។ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ដែរថាទាំងក្រសួងការពារជាតិ និង កងយោធាខេមរៈភូមិន្ទនិងមិនបោះបង់ចោលសមាជិករបស់ខ្លួននោះទេទោះក្នុងតម្លៃណាក៏ដោយ។
គួរបញ្ជាក់ដែរថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងដែរថាបើគិតមកត្រឹមថ្ងៃទី ៩សីហា ឆ្នាំ២០២៥វេលាម៉ោង ៦:០០ព្រឹកនេះស្ថានភាពនៅតាមតំបន់ព្រំដែននៅខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបានប្រុងប្រយ័ត្ននិងត្រៀមក្នុងកំម្រិតខ្ពស់ជានិច្ច ៕
ដោយ ៖ ម៉ាដេប៉ូ
