អនុប្រធានទី២ ព្រឹទ្ធសភា លើកទឹកចិត្តឱ្យបន្តប្រឹងប្រែងចិញ្ចឹមត្រី និងកែច្នៃត្រីប្រកបដោយអនាម័យ និងគុណភាព
(កំពង់ឆ្នាំង)៖ អនុប្រធានទី២ ព្រឹទ្ធសភា លើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងសិប្បករកែច្នៃត្រី ឱ្យបន្តខិតខំប្រឹងប្រែងចិញ្ចឹមត្រី និងកែច្នៃត្រីប្រកបដោយអនាម័យ និងគុណភាព ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញចុះទៅពិនិត្យស្រះចិញ្ចឹមត្រី និងការកែច្នៃត្រី ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីខុទ្ទកាល័យ ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រីកទីផ្សារផ្គត់ផ្គង់បន្ថែម ។
បច្ចុប្បន្ននេះ ផលិតផលខ្មែរមួយចំនួន បាននិងកំពុងដាក់ផ្គត់ផ្គង់នៅតាមទីផ្សារ និងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក ជាពិសេសក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងសិប្បករកែច្នៃត្រី ឱ្យបន្តខិតខំប្រឹងប្រែងចិញ្ចឹមត្រី និងកែច្នៃត្រីប្រកបដោយអនាម័យ និងគុណភាព ដើម្បីផ្គត់ផ្គង់លើទីផ្សារនូវអាហារសម្រាប់សុខភាព ជាពិសេសជំនួសទំនិញនាំចូលមួយចំនួនពីខាងក្រៅស្រុក ៕
ដោយ ៖ វណ្ណលុក









