ឯកឧត្តម ឈាង រ៉ា ណែនាំឱ្យពង្រឹងសេវាមន្ទីរពិសោធន៍តាមគ្រឹះស្ថានសាធារណៈ និង ឯកជននៅទូទាំងប្រទេស
(ភ្នំពេញ)៖ មន្រ្តីមន្ទីរពិសោធន៍ទូទាំងប្រទេសត្រូវហ៊ានដាក់គោលដៅខ្ពស់ សម្រាប់គុណភាពមន្ទីរពិសោធន៍ ហើយត្រូវខិតខំប្រឹងប្រែងរក្សានិរន្តរភាព នៃគុណភាព មុននឹងឈានទៅពង្រើក និងពង្រឹងសេវាថ្មីបន្ថែមទៀត ដែល លទ្ធផលចុងក្រោយប្រទេសកម្ពុជា នឹងមានមន្ទីរពិសោធន៍វេជ្ជសាស្រ្តដែលមានគុណភាពនៅទូទាំងប្រទេស។ លើសពីនេះទៀត មន្ទីរពិសោធន៍វេជ្ជសាស្រ្តទាំងអស់ត្រូវចូលរួមបង្កើតជាប្រព័ន្ធប្រទាក់ក្រឡាគ្នាមួយសម្រាប់តាមដាន និង គ្រប់គ្រងមេរោគដែលអាចបង្ករជាជំងឺរាតត្បាតនៅក្នុងប្រទេស ក្នុងតំបន់ ឬនៅលើសកលលោក។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ណែនាំបែបនេះ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus ដល់មន្ទីរពិសោធន៍ចំនួន ៣ រួមមាន វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានសុពលភាពចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។
ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា មន្ទីរសុខាភិបាលខេតសៀមរាប តាកែវ បាត់ដំបង មន្ទីរពិសោធន៍នៃមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ និងមន្រ្តីបច្ចេកទេសមន្ទីរពិសោធន៍។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងដល់ការងារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់អង្គការដៃគូទាំងអស់ ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង របស់សហរដ្ឋអាមេរិក (US-CDC) ប្រចាំនៅកម្ពុជា ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងការអនុវត្តផែនការកន្លងមក ដែលនាំឱ្យសម្រេចបានសមិទ្ធផលជាវិជ្ចមានដូចថ្ងៃនេះ។
ឯកឧត្តមសាស្រ្តចារ្យ ក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ ជួយផ្តល់ឱកាសអាហារូបករណ៍ជូនមន្រ្តីជំនាញវេជ្ជសាស្រ្ត ដើម្បីពង្រឹងគុណភាព និងសមត្ថភាព ឱ្យកាន់តែល្អ ៕
ដោយ ៖ ហេង សម្បត្តិ






















