ថៃជួបគ្រោះផ្ទួនៗ ព្រះសង្ឃ និងកុមារ ស្ថិតក្នុងចំនោមអ្នកដំណើររបួស ក្នុងហេតុការណ៍ក្រឡាប់រថភ្លើង
បាងកក ៖ រថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅក្នុងប្រទេសថៃ បានគ្រោះថ្នាក់ក្រឡាប់ធ្លាក់ចេញពីផ្លូវនៅស្រុក Kui Buri ខេត្ត Prachuap Khiri Khan បណ្តាលឱ្យមនុស្សមួយចំនួនរងរបួស ក្នុងនោះរួមមានព្រះសង្ឃ និងកុមារផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The pattaya news។
ឧប្បទ្ទវហេតុក្រឡាប់រថភ្លើងនេះ កើតឡើងនៅម៉ោងប្រមាណ៥និង១៥នាទីព្រឹកថ្ងៃទី៩ ខែសីហានេះ ស្ថិតនៅក្បែរស្ថានីយ Kui Buri នៅពេលរថភ្លើងមួយខ្សែនោះ ធ្វើដំណើរឆ្ពោះទៅទីក្រុងបាងកក។
យោងតាមការសន្និដ្ឋានបឋម អាជ្ញាធរបាននិយាយថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់ចំនួនជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងនោះផងដែរ។
ភ្លាមៗ សមត្ថកិច្ចនៅពុំអាចកំណត់ពីមូលហេតុនៅពីក្រោយហេតុការណ៍ក្រឡាប់រថភ្លើងនេះនៅឡើយទេ ខណៈដែលក្រុមអ្នកជំនាញកំពុងដុតដៃដុតជើលងធ្វើការស៊ើបអង្កេតលម្អិតនៅទីតាំងកើតហេតុ៕
ប្រភព ៖ The pattaya news ប្រែសម្រួល ៖ ឈឹម ទីណា



