ក្រសួងការបរទេសកម្ពុជា បង្ហាញពី ប្រតិកម្មរបស់ពិភពលោកចំពោះលទ្ធផលនៃកិច្ចប្រជុំGBC កម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបានបង្ហាញប្រតិកម្មរបស់ពិភពលោក ចំពោះលទ្ធផលកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមកថ្មីៗនេះនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលសម្រេចបានលទ្ធផលសរុបចំនួន ១៣ចំណុចរវាងកម្ពុជា-ថៃ នោះទទួលបានការសរសើរ អបអរសាទរពីសហគមន៍តំបន់ និងសហគមន៍អន្តរជាតិ។

ថ្លែងនៅរសៀលថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថាក្នុងនេះបណ្តាប្រទេសដែលជាដៃគូរបស់អាស៊ាន និងតួអង្គចូលរួមជាគន្លឹះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងខាងលើ ដោយបានចាត់ទុកវាថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការកសាងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខណៈដែលប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ានកំពុងតែសម្របសម្រួលក្រុមអ្នកសង្កេតការណ៍ អន្តរកាល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា សម្រាប់ឥណ្ឌូនេស៊ី និងសិង្ហបូរីបានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងនេះនិង ថែមទាំងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងនេះដោយសុទ្ធចិត្ត។

ជាមួយគ្នានេះសហរដ្ឋអាមេរិកបាន ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដោយបានចាត់ ទុកវាថាជាជំហានស្ថាបនាដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងបទឈប់បាញ់ និងការកសាងស្ថិរភាពនៅ ក្នុងតំបន់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានរំពឹងទុកថា ភាគីទាំងពីរកម្ពុជា-ថៃ គោរពបានយ៉ាងពេញលេញ និងប្រកបដោយការតាំងចិត្តចំពោះកិច្ចព្រមព្រៀងនេះ ហើយសហរដ្ឋអាមេរិក ក៏បានអះអាងជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការដឹកនាំដោយអាស៊ាន និងបានគូស បញ្ជាក់ពីការបន្តនូវការចូលរួមរបស់ខ្លួនតទៅទៀត។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា៖ប្រទេសចិនក៏បានស្វាគមន៍ចំពោះយន្តការដែលបានបង្កើតឡើងដើម្បីទ្រទ្រង់បទឈប់បាញ់ និងបានអះអាងថា ចិននៅតែបន្តគាំទ្រនូវកិច្ចសន្ទនា និងការរកដំណោះស្រាយតាមផ្លូវការទូតដែលដឹកនាំដោយអាស៊ាន ហើយប្រទេសចិនបានសន្យាថានឹងចូលរួមប្រកបដោយការស្ថាបនា ក្នុងការជួយដល់ប្រទេសទាំងពីរកម្ពុជា-ថៃ ក្នុងការដោះស្រាយជម្លោះព្រំដែន ខណៈដែលប្រទេសជប៉ុនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រម ព្រៀងលើបទឈប់បាញ់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានសង្កត់ធ្ងន់ថា ទំនាក់ទំនងប្រកប ដោយស្ថិរភាពរវាងកម្ពុជា-ថៃ គឺជាកត្តាសំខាន់សម្រាប់សន្តិសុខ និងកិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់”៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក វេងលឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner