លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សិស្សនិស្សិត ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពច្បាប់ និងបទបញ្ញត្តិនានៅប្រទេសចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ។

មានប្រសាសន៍ក្នុងអង្គពិធី, ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត លើកិច្ចការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីមានឱកាសទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យសម្រេចក្តីសុបិនជីវិតរបស់ខ្លួន។ ឯកឧត្តម បានបន្ថែមថា និស្សិតនឹងទទួលបានបទពិសោធពីមិត្តភាព និងភាពស្និទ្ធស្នាលរបស់ប្រជាជនចិនដោយទទួលមានអារម្មណ៍ថា មានភាពកក់ក្តៅដូចនៅផ្ទះខ្លួនពេលនៅប្រទេសចិន ដូច ឯកឧត្តមមានអារម្មណ៍នៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ, លោកជំទាវបណ្ឌិត បានថ្លែងនូវការកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត និងថ្លែងអរគុណចំពោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អតីតអគ្គកុងស៊ុល អគ្គកុងស៊ុលកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សមាគម ពាណិជ្ជករចិន ក្រុមហ៊ុន វិទ្យាស្ថាន សាលាភាសាចិន ដែលបានផ្តល់អាហារូបករណ៍ និងកិច្ចសហការ ជូនដល់ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ សម្រាប់ផ្តល់លទ្ធភាពក្នុងការបែងចែកដល់សិស្ស និស្សិត ជាយុវជន យុវនារីកម្ពុជា ក្នុងការប្រកួតប្រជែងយកអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សំដៅទទួលបានការអប់រំចំណេះដឹងបន្ថែម និងចាប់យកឱកាសសិក្សារៀនសូត្រទាំងជំនាញ ភាសា និងបច្ចេកវិទ្យាថ្មីៗ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត។

បន្ថែមពីនោះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ និងមតិផ្តាំផ្ញើដល់និស្សិតជ័យលាភី និស្សិតកំពុងសិក្សា ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ផ្តោតសំខាន់លើភាសាចិនដែលជាមូលដ្ឋានគ្រឹះដើម្បីចូលរៀនថ្នាក់ជំនាញ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយទាញយកឱ្យអស់លទ្ធភាពនូវចំណេះដឹងនៅមុខជំនាញដែលខ្លួនជ្រើសរើស។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងថា និស្សិតម្នាក់ៗគឺជា “អ្នកការទូតមួយរូប” របស់កម្ពុជា ដូច្នេះត្រូវផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍ សុខសន្តិភាពដែលកម្ពុជាមាន និងផលវិបាកនៃសង្គ្រាមឈ្លានពាន ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។

លើសពីនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ ការគោរពច្បាប់និងបទបញ្ញត្តិនានានៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner