ថ្ងៃនេះអនុព័ន្ធយោធាបរទេសចំនួន ៩ប្រទេសនឹងចុះពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី ១០ ខែ សីហា ឆ្នាំ២០២៥នេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP)ដែលមាននិវេស្ថានទាំងក្នុង និង ក្រៅប្រទេសកម្ពុជាបានចេញដំណើរឆ្ពោះពីរាជធានីភ្នំពេញទៅកាន់ ខេត្តឧត្តរមានជ័យដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំង ស្នាក់នៅរបស់ជនភៀសសឹក ដែលមានមកពីប្រទេសចំនួន៩ និងមានចំនួនអ្នកចូលរួម ១៤រូប។
ក្នុងចំណោម៩ប្រទេសនេះរួមមាន អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។នេះបើតាមការបញ្ជាក់ពីសំណាក់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ថ្លែងនៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ៖ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងពីសំណាក់អនុព័ន្ធយោធាបរទេសនេះដែរនឹងមានការចូលរួម និងដឹកនាំដោយមន្រ្តីជាន់ខ្ពស់កងទ័ពកម្ពុជាដើម្បីឱ្យបេសកម្មប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។សម្រាប់បេសកម្មរបស់អនុព័ន្ធយោធានេះដែរកើតឡើងដោយសារសមិទ្ធផលនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិង ថៃ កាលពីថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឱ្យដឹងដែរថាគិតរហូតមកទល់ពេលនេះគឺមានរយៈពេល១២ថ្ងៃហើយដែលកងកម្លាំងរបស់យើងនៅសេសសល់ចំនួន១៨នាក់ទៀតនោះពុំទាន់ត្រូវបានភាគីថៃដោះលែងនៅឡើយទេ ខណៈដែលកម្ពុជាម្តងហើយម្តងទៀតតែងតែស្នើសុំឱ្យមានការដោះលែងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តាប្រទេសកៃគូ រួមនឹងស្ថាប័នអន្តរជាតិនានា។
លោកជំទាវបានថ្លែងដោយបញ្ជាក់បន្ថែមថា ខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ គឺតែងតែទទូចទាមទាររហូតទាល់តែខាងភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកគ្រួសាររបស់យើងណាម្នាក់ចោលសោះឡើយ ហើយកម្ពុជា សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទិ០៧ ខែសីហា ឆ្នាំ២០២៥៕
ដោយ ៖ ម៉ាដេប៉ូ