រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំអាជ្ញាធរមូលដ្ឋានសម្រួលដល់ពលករខ្មែរ ក្នុងធ្វើសៀវភៅគ្រួសារ និង អត្តសញ្ញាណបណ្ណ

បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្នុងសប្ដាហ៍នេះ​រដ្ឋបាលខេត្តជាប់ព្រំដែនថៃមួយនេះ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឱ្យសម្រួលដល់ពលករខ្មែរទៀបត្រឡប់មកពី​ប្រទេសថៃក្នុង​ធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ ដើម្បីឱ្យងាយស្រួលក្នុងការបំពេញបែបបទស្វែងរកការងារ
ធ្វើ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងក្នុងនាមឯកឧត្តមអភិបាលខេត្តបន្ទាយ​មានជ័យ​បានលើកឡើងពីវត្តមានពលករខ្មែរ បានវិលត្រឡប់មកវិញ។លោកបានជំរុញដល់រដ្ឋបាលក្រុង ស្រុក,នគរបាលជំនាញត្រូវសហការ គ្នាចុះពិនិត្យមើល​អត្តសញ្ញាណបណ្ណរបស់ពលករដែលហួសសុពលភាព ខុសទិន្នន័យ និងបាត់បង់ជាដើម។ក្នុងករណីពុំគ្រប់​គ្រាន់​ត្រូវរៀបចំសម្រួល​បង្កលក្ខណៈឱ្យពួកគេបានចូលបំពេញការងារតាមគ្រឹះស្ថាន ស្ថាប័ន រោងចក្រ និងបណ្ដាក្រុមហ៊ុន​ជាដើម។

ឯកឧត្តម ហ៊ូ ប៊ុនហេង អនុ ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា រដ្ឋបាលស្រុក ក្រុង ក៏ត្រូវលើកទឹកចិត្តនិងបំផុស ឱ្យពលករ ក៏ដូចជាយុវជនមកចូលរួម​ទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខ្លីៗ មានជំនាញច្បាស់លាស់​និងមានប្រាក់ចំណូលខ្ពស់មួយកម្រិតទៀត៕ ដោយ៖គៀន ច័ន្ទហ៊ីន

ads banner