អ៊ីស្រាអែលបាញ់សម្លាប់ជនស៊ីវិលហ្គាហ្សាជិត ៤០នាក់

ហ្គាហ្សា ៖ ជារូបភាពមួយគួរឱ្យតក់ស្លុត នៅពេលដែលជនភៀសខ្លួនហ្គាហ្សារាប់រយបានបើកការវាយឆ្មក់លើក្បួនរថយន្តដឹកកញ្ចប់ស្បៀងអាហារ ដើម្បីយកទៅចិញ្ចឹមក្រពះ ទោះបីជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក៏ដោយ។

ហើយជាអកុសល្យនោះ ទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់ត្រូវបានយោធាអ៊ីស្រាអែលបាញ់សម្លាប់ ក្នុងនោះមានជនស៊ីវិលស្លូតត្រង់ចំនួន ៣០នាក់ ដែលកំពុងឈរទន្ទឹងរង់ចាំជំនួយចិញ្ចឹមក្រពះ និងច្រើនជាង ២០០នាក់ទៀតរងរបួស នៅថ្ងៃទី៩ ខែសីហា។

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃនៅជិតទីតាំងចែកចាយជំនួយស្បៀងអាហារនៅក្នុងតំបន់ហ្គាហ្សា រួមទាំងបួនទីតាំងទៀតដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងមូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយអ៊ីស្រាអែល។

ការបិទខ្ទប់របស់អ៊ីស្រាអែលមិនឱ្យជំនួយមនុស្សធម៌ហូរចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីផ្ទុះសង្រ្គាមកាលពីជិតពីរឆ្នាំមុន បានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់សំខាន់ៗធ្ងន់ធ្ងរ រួមមានទាំងថ្នាំពេទ្យ និងប្រេងឥន្ធនៈជាដើម។

សង្គ្រាមនៅហ្គាហ្សាកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបើកការវាយប្រហារចូលទឹកដីអ៊ីស្រាអែល សម្លាប់មនុស្សប្រមាណ ១.២១៩នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានសងសឹកវិញ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦១.០០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា ហើយតួលេខនេះត្រូវបានអង្គការសហប្រជាជាតិអះអាងថា អាចទុកចិត្តបាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner