ក្រុមហ៊ុនចំនួន៣ ចុះអនុស្សរណៈជាមួយគ្នាជំរុញការប្រមូលទិញផលិតផល និងវត្ថុធាតុដើមក្នុងស្រុកធ្វើជាចំណីសត្វ
(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកចំនួន ៣ ក្នុងនោះរួមមាន ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វជាមួយក្រុមហ៊ុនផលិតចំណីសត្វ ។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងកាលពីព្រឹក ទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតិភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមពី តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណតំណាងក្រុមហ៊ុនផលិតចំណីសត្វទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់។ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ, ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ចុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ។
លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទីនិងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។
លោកជំទាវ ចម និម្មល បានធ្វើការណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្មបន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា សម្រាប់ការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធិនិងសកម្ម ជាមួយ រាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានជាធរមានទាំងអស់ ឱ្យបានពេញលេញ៕






ដោយ៖ង៉ាន់ ទិត្យ