រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រាប់ប្រជាពលរដ្ឋនៅភូមិចំនួន៤ភូមិក្នុងឃុំសែប ស្រុកកំពង់ត្រឡាចឱ្យមកពិនិត្យការប្រកាសបិទផ្សាយប្លង់ដីរបស់ខ្លួន
កំពង់ឆ្នាំង៖គណៈកម្មការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិក្បាលថ្នល់ ភូមិខ្នាយកកោះ ភូមិទឹកល្អក់ និងភូមិខ្នាយកកោះថ្មី ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល១៥ថ្ងៃ ។
ពិធីបិទផ្សាយបានធ្វើឡើងនៅបរិវេណសាលាបុណ្យក្បាលថ្នល់ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត និងលោក ព្រំ ប៊ុនធឿន អភិបាលរងស្រុកនិងលោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនេះលោក លី សុភា បានបញ្ជាក់ថា ការបិទផ្សាយរយ:ពេល១៥ថ្ងៃនេះ ជាពេលវេលាដ៍មានសារៈសំខាន់សម្រាប់បងប្អូនម្ចាស់ក្បាលដីមកធ្វើការពិនិត្យផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីរបស់ខ្លួន នូវ ទំហំរូបរាងក្បាលដី ឈ្មោះ អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ឬខុសឆ្គងអាចប្តឹងជំទាស់តវ៉ា សុំកែតម្រូវឡើងវិញ ។ លោកបានបន្តទៀតថា ដើម្បីឱ្យដំណើរការពិនិត្យបានលឿន សុំបងប្អូនភ្ជាប់មកជាមួយបណ្ណបញ្ជាក់ក្បាលដីចេញដោយមន្រ្តីជំនាញ និងឯកសារមានសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម ។
លោក លី សុភា បានអំពាវនាវដល់ម្ចាស់ក្បាលដីដែលនៅខ្វះនូវឯកសារ និងស្នាមមេដាយសូមនាំគ្នាមកបំពេញឱ្យបានគ្រប់គ្នា និងសូមឱ្យអាជ្ញាធរជួយផ្សព្វផ្សាយបន្តដល់បងប្អូនម្ចាស់ក្បាលដីក្នុងតំបន់នេះ មកចូលរួមឱ្យបានគ្រប់ៗគ្នា ។
គួរបញ្ជាក់ពីរបាយការណ៍របស់ក្រុមការងារចុះបញ្ជីសម្រាប់ការប្រមូលទិន្នន័យទាំង៤ភូមិ ក្នុងឃុំសែប សរុបមានចំនួន ៤៩០៨ក្បាលដី ក្នុងនោះភូមិក្បាលថ្នល់ ១១៦៥ក្បាល ភូមិខ្នាយកកោះ ចំនួន ៨៦៨ ក្បាល,ភូមិទឹកល្អក់ចំនួន ៩៣៤ក្បាលដីនិងភូមិខ្នាយកកោះថ្មីចំនួន ១៩៤១ ក្បាលដី ។ មានប្រភេទដីកសិកម្ម ដីលំនៅឋាន ដីសាលារៀន ដីសាលាឃុំដីសាលាឆទាន និងដីព្រះវិហារឥស្លាម
៕
ដោយ៖សុខ គឹមសៀន






