អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសាកល្បងប្រតិបត្តិការហោះហើរ យន្តហោះធុនធំ Airbus 320 នៅថ្ងៃទី ១៥ ខែសីហា

(កណ្ដាល)៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសាកល្បងប្រតិបត្តិការហោះហើរ យន្តហោះធុនធំ Airbus 320 នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។

ឯកឧត្ដម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងដូច្នេះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងទៀត ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងយន្ដហោះខ្នាតធំ២ទៀត នៅដើមខែក្រោយ ។

អ្នកឧកញ៉ា បន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានការធ្វើតេស្ដសាកល្បង ចំនួន ២ដងរួចមកហើយ ជាលក្ខណៈបច្ចេកទេស ហើយខាងអាកាសចរស៊ីវិល ក៏បានទទួលស្គាល់ និងបានចេញអាជ្ញាបណ្ណផងដែរ ។ គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ទាំងប្រព័ន្ធបច្ចេកវិទ្យា ទាំងការគ្រប់គ្រង ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ហើយក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

ឯកឧត្ដម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលវិញ្ញាបនបត្រ អាកាសយានដ្ឋានពីអាកាសចរណ៍ស៊ីវិលកម្ពុជា រួចរាល់ សម្រាប់បើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយអាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរមិនក្រោម ១,០០០នាក់នោះទេ ខណៈក្រុមហ៊ុនដែលកំពុងដំណើការនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មានចំនួន ៣២ក្រុមហ៊ុន តែនៅពេលផ្លាស់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ អាចនឹងមានក្រុមហ៊ុនថ្មីលំដាប់អន្តរជាតិបន្ថែម ដោយចំពោះមុខ មានក្រុមហ៊ុនខ្នាតយក្សចំនួន ២ គឺក្រុមហ៊ុនអាកាសចរណ៍របស់តួគី និងក្រុមហ៊ុន Etihad ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ។

ឯកឧត្ដមបណ្ឌិត បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ។ ថវិកាវិនិយោគ សម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ ។ ក្រៅពីក្រុមហ៊ុនចិន អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ​​ មានក្រុមហ៊ុន ៥ប្រទេសទៀតចូលរួមសាងសង់ ។​ ដៃគូវិនិយោគចូលរួមកសាង ព្រលានយន្តហោះនេះ គឺមានក្រុមហ៊ុនមកពី ប្រទេសកាណាដា អង់គ្លេស បារាំង សិង្ហបុរី ​និងកូរ៉េខាងត្បូង ។

នេះជាការបញ្ចប់សម្រាប់ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចទទួលអ្នកដំណើរបានដល់ ១៣លាននាក់ក្នុងមួយឆ្នាំ។ ឯកឧត្តម រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា សម្រាប់ដំណាក់កាលទី២ យើងនឹងត្រៀមធ្វើផ្លូវរត់ឡើង​និងចុះចតរបស់យន្តហោះថ្មីមួយទៀត ស្របទៅនឹងផ្លូវរត់ចាស់ ដើម្បីត្រៀមទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ក្នុង ១ឆ្នាំ។ ចប់ដំណាក់ទី២នេះ យើងនឹងសិក្សាពីលទ្ធភាពបន្ថែមថា ឆ្នាំ២០៥០ តើកំណើនអ្នកធ្វើដំណើរចេញ-ចូល ក្នុងអាកាសយានដ្ឋានអន្តរតេជោ នឹងកើនដល់កម្រិតណាមួយពិតប្រាកដ ដើម្បីចាប់ផ្តើមដំណាក់កាលទី៣ ឬទេ?​

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner