កម្ពុជាអំពាវនាវដ៏ទទូចជាថ្មីម្តងទៀតឱ្យភាគីថៃបង្ហាញសុឆន្ទៈក្នុងការគោរពយ៉ាងម៉ឹងម៉ាត់ និងដោយស្ម័គ្រត្រង់ចំពោះកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់នៅកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពូត្រាឆៃយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាគោរពយ៉ាងពេញលេញនៅលទ្ធផលដែលបានេកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។
ភាគីទាំងពីរក៏មិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពនៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវដ៏ទទូចជាថ្មីម្តងទៀតឱ្យភាគីថៃបង្ហាញសុឆន្ទៈក្នុងការគោរពយ៉ាងម៉ឹងម៉ាត់ និងដោយស្ម័គ្រត្រង់ចំពោះកិច្ចព្រមព្រៀងនេះដូចគ្នាដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ៕
ដោយ៖ពលជ័យ