លោក Putin ហាមកងទ័ពស្លៀតឈុតទាហានផលិតដោយបរទេសចាប់ពីឆ្នាំ ២០២៦
មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ នៅថ្ងៃទី១១ ខែសីហា ដោយហាមប្រាមការទិញសម្លៀកបំពាក់ផលិតពីបរទេស និងឧបករណ៍ពាក់ព័ន្ធសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៦។
យោងតាមក្រឹត្យដែលលោកប្រធានាធិបតី ពូទីន ទើបស៊ីញ៉េនេះ, គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦តទៅ រាល់ឯកសណ្ឋាន និងសំលៀកបំពាក់ផ្សេងទៀតសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវតែផលិតដោយក្រុមហ៊ុនរុស្ស៊ីផ្ទាល់ ដែលមានរោងចក្រផលិតនៅក្នុងស្រុក។
ហើយចាប់ពីឆ្នាំ២០២៧ តម្រូវការឯកសណ្ឋាន និងសំលៀកបំពាក់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងពង្រីក ដោយទាំងសាច់ក្រណាត់ និងសម្ភារៈប៉ាក់ដែលប្រើក្នុងផលិតកម្ម គឺត្រូវតែផលិតក្នុងស្រុកផ្ទាល់។
ក្រឹត្យនេះបង្កើតឡើងមានគោលបំណងហាមប្រាមការទិញសម្លៀកបំពាក់ផលិតពីបរទេស និង សម្ភារៈ សម្រាប់តម្រូវការរបស់យោធារុស្ស៊ី។
សម្លៀកបំពាក់ និង សម្ភារៈយោធា រួមមានឯកសណ្ឋាន គ្រឿង ឥស្សរិយយស ខោលីអូ ឬខោទ្រនាប់ ពូក សម្លៀកបំពាក់ពិសេស ស្បែកជើង ឧបករណ៍ និងសម្ភារៈយោធាសំខាន់ៗផ្សេងទៀត។ កន្លងមក ការផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារៈយោធាធ្វើឡើងតាមរយៈប្រព័ន្ធបញ្ជាការការពារជាតិរុស្ស៊ី៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
